អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៧២នាក់ ក្នុងនោះមានស្ត្រី ១២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ។ ជនបរទេសទាំងនេះត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ ការធ្វើការងារខុសច្បាប់ និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ការបណ្ដេញជនបរទេសទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជំហរមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក និងបទល្មើសដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តបង្ក្រាប និងបណ្ដេញជនល្មើសដោយអនុវត្តតាមច្បាប់ ដើម្បីថែរក្សាសន្តិសុខជាតិ និងកិត្តិយសរបស់កម្ពុជា។
ក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវរកមេខ្លោង និងបង្ក្រាបបណ្ដាញប្រព្រឹត្តបទល្មើស ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ៕ ដោយ៖សុភ័ក្រ្ត











