ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណច្រើនគ្រាប់ទៅកាន់សមុទ្រជប៉ុន កាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលលោកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ មិនចាំបាច់ចរចាជាមួយសហរដ្ឋអាមេរិកឡើយ ប្រសិនបើវ៉ាស៊ីនតោនមិនបោះបង់គោលនយោបាយប្រឈមមុខដាក់គ្នារបស់ខ្លួន ដោយលោកស្រីបានបោះសំដីថា កូរ៉េខាងជើង គ្មានការចាំបាច់ត្រូវអង្គុយចរចាទល់មុខគ្នា ជាមួយមនុស្សដែលមិនគួរឱ្យទុកចិត្ត និងមានអរិភាព ហើយមិនព្រមបោះបង់គោលនយោបាយប្រឈមមុខដាក់គ្នានេះឡើយ។
ការបាញ់គ្រាប់មីស៊ីល និងការបោះសំដីដ៏ក្តៅគគុកនេះ ក៏ធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រផលិតនាវា Nampho កាលពីថ្ងៃទី២ ខែវិច្ឆិកា និងបានប្តេជ្ញាថានឹងកសាង នាវាចម្បាំងដ៏ទំនើប និងមានអំណាចខ្លាំងក្លាបំផុត សម្រាប់ប្រទេសជាតិ ដោយឡែក លោកស្រី គីម យូជុង បានច្រានចោលការចោទប្រកាន់របស់អាមេរិក ថាក្រុម Hacker របស់កូរ៉េខាងជើង ឈ្មោះ TraderTraitor គឺជាអ្នកនៅពីក្រោយការវាយប្រហារលួចប្រាក់គ្រីបតូសរុបប្រមាណ ៦.៣ ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Binance នោះ។
លោកស្រី គីម យូជុង ក៏បានបញ្ជាក់ថា ជម្រើសសម្រាប់សន្តិភាពរួមមានការសន្ទនា ប៉ុន្តែសម្រាប់កូរ៉េខាងជើង ការសន្ទនាមិនចាំបាច់ស្មើនឹងផលប្រយោជន៍ជាតិនោះទេ៕អត្ថបទ៖ រិទ្ធី







