រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វៀតណាមនឹងវាយតម្លៃហានិភ័យ និងពិចារណាវិធានការត្រៀមស្បៀងអាហារសម្រាប់គ្រាអាសន្ន

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា អាជ្ញាធរនឹងវាយតម្លៃហានិភ័យ និងពិចារណាវិធានការសមស្រប បន្ទាប់ពីប្រទេសមួយចំនួនណែនាំឱ្យពលរដ្ឋត្រៀមសម្ភារៈចាំបាច់សម្រាប់គ្រាអាសន្ន។

រដ្ឋាភិបាលប្រទេសវៀតណាមបានប្រកាសថា ខ្លួននឹងពិចារណាយ៉ាងម៉ត់ចត់នូវវិធានការសមស្របទាំងឡាយណាដែលស្របតាមបរិបទជាក់ស្តែងរបស់ប្រទេស បន្ទាប់ពីប្រទេសមួយចំនួននៅជុំវិញពិភពលោក បានចេញការណែនាំជាបន្តបន្ទាប់ឱ្យពលរដ្ឋរបស់ខ្លួន ស្តុកទុកនូវស្បៀងអាហារ និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ ឱ្យបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាព អំឡុងពេលមានគ្រោះអាសន្នកើតឡើង។


ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៥ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីលោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរ ដើម្បីសុំការអត្ថាធិប្បាយជុំវិញការណែនាំកាលពីពេលថ្មីៗនេះ ពីបណ្តាប្រទេសមួយចំនួនដែលបារម្ភ និងជំរុញឱ្យពលរដ្ឋខ្លួនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់រយៈពេលពី ៣ ទៅ ៧ ថ្ងៃ ក្នុងករណីមានអាសន្នកើតឡើង។


គួរបញ្ជាក់ផងដែរថា ប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុប រួមមាន ចក្រភពអង់គ្លេស និងហ្វាំងឡង់ ព្រមទាំងបណ្តាប្រទេសនៅទ្វីបអាស៊ី ដូចជា ជប៉ុន និងថៃ ជាដើម បានចេញការណែនាំដល់ពលរដ្ឋរបស់ខ្លួន ឱ្យរក្សាទុកស្បៀងអាហារ ទឹក និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀតឱ្យបានគ្រប់គ្រាន់ ដើម្បីអាចរស់នៅដោយខ្លួនឯងយ៉ាងហោចណាស់ ៣ ថ្ងៃ ក្នុងករណីកើតមានគ្រោះមហន្តរាយធម្មជាតិ ឬអាសន្នណាមួយកើតឡើង៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…