រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្បៃខ្មែរត្រៀមបង្ហាញភាពប្រណិតនៃសិល្បៈជាតិ ជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវអន្តរជាតិក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ស្បៃខ្មែរត្រូវបានត្រៀមជាវត្ថុអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីបង្ហាញសិល្បៈហត្ថកម្ម និងអត្តសញ្ញាណវប្បធម៌ជាតិ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចុះទស្សនាការផលិតស្បៃខ្មែរ និងស្វែងយល់ពីបច្ចេកទេសប៉ាក់ឌិន ដើម្បីត្រៀមរៀបចំជាវត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ គំនិតផ្តួចផ្តើមនេះស្ថិតក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា ដែលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក៏បានអញ្ជើញចូលរួមស្វែងយល់ពីស្បៃខ្មែរ និងស្នាដៃប៉ាក់ឌិនដោយផ្ទាល់ផងដែរ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ស្បៃខ្មែរ គឺជាសម្លៀកបំពាក់ប្រពៃណីដ៏មានតម្លៃ ដែលបង្ហាញពីភាពស្រស់ស្អាត ភាពប្រណិត និងអត្តសញ្ញាណវប្បធម៌ជាតិ។ ស្នាដៃនេះបានបន្តមានវត្តមានតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន តាមរយៈស្នាដៃតម្បាញ និងការតុបតែងលម្អដោយក្បាច់រចនាដ៏ល្អិតល្អន់ ដែលបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់សិប្បករខ្មែរ។ លើសពីសោភ័ណភាព ស្បៃខ្មែរក៏មានអត្ថន័យជានិមិត្តរូបនៃភាពរុងរឿង សុភមង្គល និងមរតកវប្បធម៌ដែលកូនខ្មែរបានថែរក្សា និងបន្តដល់មនុស្សជំនាន់ក្រោយ។

ការជ្រើសរើសស្បៃខ្មែរធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូអន្តរជាតិ មិនត្រឹមតែបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយសិល្បៈហត្ថកម្ម ស្នាដៃសិប្បករ និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ តាមរយៈអំណោយដែលមានអត្ថន័យនេះ កម្ពុជាអាចបង្ហាញពីភាពសម្បូរបែបនៃមរតកវប្បធម៌ជាតិ និងប្រើប្រាស់សិល្បៈជាស្ពានតភ្ជាប់មិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានា។ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…