រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

UMNO បង់ប្រាក់ពិន័យ ១២.៣លានដុល្លារជំនួសលោក ណាជីប បើកផ្លូវឱ្យឃុំខ្លួនក្នុងផ្ទះ!

សេចក្តីសង្ខេប

គណបក្ស UMNO បានប្រកាសថាបានបង់ប្រាក់ពិន័យ ៥០ លានរីងហ្គីតជំនួសលោក Najib Razak ដែលជាលក្ខខណ្ឌសម្រាប់ការអនុវត្តទោសដែលនៅសល់នៅផ្ទះរហូតដល់ឆ្នាំ២០២៨។

គណបក្ស UMNO បានប្រកាសនៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកានេះថា ខ្លួនបានបង់ប្រាក់ពិន័យចំនួន ៥០ លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១២.៣ លានដុល្លារអាមេរិក រួចរាល់ហើយ ជំនួសអតីតលោកនាយករដ្ឋមន្ត្រី Najib Razak ដែលអាចបើកផ្លូវឱ្យរូបលោក បន្តអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់ ក្រោមរូបភាពនៃការឃុំខ្លួននៅក្នុងផ្ទះ ស្របតាមលក្ខខណ្ឌនៃព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី។


ការប្រកាសនេះ ធ្វើឡើងចំពេលមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីថា លោក ណាជីប អាចនឹងត្រូវបានដោះលែងចេញពីពន្ធនាគារ នៅថ្ងៃសុក្រនេះ បន្ទាប់ពីសង្កេតឃើញមានវត្តមានកម្លាំងនគរបាល ចុះទៅពង្រឹងសន្តិសុខជុំវិញភូមិគ្រឹះរបស់លោក ក្នុងទីក្រុងកូឡាឡាំពួរ។


គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៨ ខែកញ្ញា ព្រះមហាក្សត្រប្រទេសម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីស្កាន់ឌឺ(Sultan Ibrahim Sultan Iskandar) បានប្រោសប្រទានការលើកលែងទោសដោយមានលក្ខខណ្ឌដល់លោក ណាជីប ដោយអនុញ្ញាតឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់ គឺរហូតដល់ឆ្នាំ ២០២៨ នៅផ្ទះរបស់លោក ក្រោមលក្ខខណ្ឌតម្រូវឱ្យបង់ប្រាក់ពិន័យ ៥០ លានរីងហ្គីត ឱ្យគ្រប់ចំនួន។


ដើមឡើយ អតីតនាយករដ្ឋមន្ត្រីវ័យ ៧៣ ឆ្នាំរូបនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំ និងពិន័យជាប្រាក់ ២១០ លានរីងហ្គីត កាលពីខែកក្កដា ឆ្នាំ ២០២០ ពីបទរំលោភលើទំនុកចិត្ត បទលាងលុយ និងបទរំលោភអំណាច ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ៤២ លានរីងហ្គីត ចេញពីក្រុមហ៊ុន SRC International ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក។ តែទោះជាយ៉ាងណា បន្ទាប់ពីទទួលបានការសម្រាលទោសពីព្រះមហាក្សត្រកាលពីខែមករា ឆ្នាំ ២០២៤ ទោសជាប់ពន្ធនាគាររបស់លោកត្រូវបានកាត់បន្ថយពាក់កណ្តាល ហើយប្រាក់ពិន័យត្រូវបានបន្ថយមកត្រឹម ៥០ លានរីងហ្គីត៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…