សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលប្រារព្ធធ្វើឡើងក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ចូលរួមចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋ ចំនួន ១១.០០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ទឹកដីរបស់យើងមិនដែលភ្លេចដោះស្រាយនោះឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋតាមរយៈយន្តការផ្សេងៗគ្នា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងបញ្ហាប្រឈមផ្សេងៗ។ ការផ្តល់ជំនួយជាពូជស្រូវ និងស្បៀងអាហារ គឺជាការរួមចំណែកជួយសម្រាលការលំបាក និងគាំទ្រដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ។
ជំហររបស់រាជរដ្ឋាភិបាល គឺមិនទុកឱ្យប្រជាពលរដ្ឋប្រឈមបញ្ហាតែម្នាក់ឯងនោះទេ ដោយបន្តដោះស្រាយរាល់កង្វល់ និងតម្រូវការជាក់ស្តែង តាមរយៈយន្តការពាក់ព័ន្ធ និងការចូលរួមពីស្ថាប័នមានសមត្ថកិច្ច។ ការយកចិត្តទុកដាក់នេះបង្ហាញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋឱ្យឆ្លងផុតពីការលំបាក ស្តារជីវភាព និងបន្តការរស់នៅដោយមានភាពកក់ក្តៅ និងទំនុកចិត្ត។
សូមរំលឹកថាខេត្តពោធិ៍សាត់យោងតាមរបាយការណ៍បង្ហាញថា ប្រជាពលរដ្ឋចំនួន ៣.៨៤២គ្រួសារ និងផ្ទះសម្បែងចំនួន ២.៥០៤ខ្នង បានរងផលប៉ះពាល់ដោយសារទឹកជំនន់។ ចំពោះវិស័យកសិកម្ម ដំណាំស្រូវចំនួន ៥.៦៦៤ហិកតា និងដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា បានរងការខូចខាត ឬប៉ះពាល់ដោយទឹកជំនន់ ដែលជាកត្តាប៉ះពាល់ដល់ជីវភាព និងចំណូលរបស់ប្រជាកសិករ។
ក្រៅពីផលប៉ះពាល់លើលំនៅឋាន និងដំណាំកសិកម្ម គ្រោះទឹកជំនន់ក៏បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន ផ្លូវប្រវែង ៥៣.៧៧០ម៉ែត្រ លូ១២កន្លែង សាលារៀន៥កន្លែង ស្ពាន៣កន្លែង អណ្ដូងទឹក២៥អណ្ដូង និងទ្វារទឹក២កន្លែង។ ស្ថានភាពនេះបង្ហាញពីទំហំផលប៉ះពាល់នៃគ្រោះទឹកជំនន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋដែលរងគ្រោះឡើងវិញ៕
អត្ថបទដោយ៖សុភ័ក្រ្ត












