ដើម្បីឆ្លើយតបនឹងកំណើនដ៏គំហុកនៃប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាប្ដូរបណ្ណបើកបរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការហ្មត់ចត់ដោយចុះត្រួតពិនិត្យផ្ទាល់តាមទីតាំងផ្ដល់សេវាសាធារណៈសំខាន់ៗចំនួន ៥ កន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


កិច្ចចុះពិនិត្យផ្ទាល់នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង ឯកឧត្តម ទេស តារារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ព្រមទាំងមានការចូលរួមពីក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ។


យោងតាមការចុះត្រួតពិនិត្យនៅតាមគោលដៅទាំង ៥ រួមមាន៖ មណ្ឌលផ្ដល់សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (Aeon I) មណ្ឌលផ្ដល់សេវាសាធារណៈ ប្ដូរ និងប្រឡងយកបណ្ណបើកបរយានយន្ត ផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon II) មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ (Aeon III)និង មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបអូឡាំព្យា។


ទិសដៅចម្បងនៃការចុះបេសកកម្មនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ សង្កេតមើលការប្រព្រឹត្តទៅនៃការផ្ដល់សេវា និងដោះស្រាយបញ្ហាប្រឈមតូចធំដែលកើតមានឡើងជាបន្ទាន់។
តាមរយៈវិធានការនេះ ក្រសួងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ និងបង្កើនភាពងាយស្រួលថែមទៀត ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា ទទួលបានភាពឆាប់រហ័ស រលូន មានតម្លាភាពខ្ពស់ និងប្រសិទ្ធភាពការងារល្អប្រសើរ៕ ដោយ៖ ប៉ៃ សុឃីម













