កងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី បានដាក់ពង្រាយកងទ័ពជាង ២០,០០០ នាក់ ទៅកាន់ទីក្រុងហ្សាការតា (Jakarta) ខណៈដែលអាជ្ញាធរបើកការស៊ើបអង្កេតយ៉ាងស្រួចស្រាវ លើ «ប្រតិបត្តិការលួចស្ដាប់ការសន្ទនាដោយខុសច្បាប់» របស់ប្រធានាធិបតី Prabowo Subianto ដែលបានឈានទៅដល់ការឃាត់ខ្លួនឧត្តមសេនីយ៍នគរបាលជាន់ខ្ពស់ចំនួន ៣ រូប។
រឿងអាស្រូវជាប្រវត្តិសាស្ត្រនេះ កាន់តែវិវឌ្ឈន៍ទៅរកភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីវិមានប្រធានាធិបតីបានប្រកាសថា សកម្មភាពលួចស្ដាប់ប្រធានាធិបតីនេះ អាចត្រូវចាត់ទុកថាជា «អំពើក្បត់ជាតិ» ដោយសារព័ត៌មានសម្ងាត់របស់ប្រមុខរដ្ឋ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងថ្នាក់ដឹកនាំកំពូល។
ក្នុងចំណោមអ្នកដែលជាប់ពាក់ព័ន្ធ គឺមានឈ្មោះលោកឧត្តមសេនីយ៍ Listyo Sigit Prabowo ដែលទើបតែត្រូវបានតែងតាំងជាប្រធានខុទ្ទកាល័យប្រធានាធិបតី កាលពីខែមុន ដោយលោកប្រធានាធិបតី Prabowo បានដកតំណែងរូបលោកជាផ្លូវការកាលពីថ្ងៃពុធម្សិលមិញនេះ ខណៈដែលលោក Listyo ក័ធ្លាប់ជាអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០២១ ក្រោមរដ្ឋបាលអតីតលោកប្រធានាធិបតី Joko Widodo។
ទោះបីជាអាជ្ញាធរមិនទាន់បញ្ជាក់ជាផ្លូវការថា ការដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នេះ ជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការស៊ើបអង្កេតរឿងអាស្រូវលួចស្ដាប់នេះក៏ដោយ ប៉ុន្តែទំហំនៃកងកម្លាំងប្រដាប់អាវុធបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយដោយសារការលួចស្ដាប់នេះ តម្រង់ទិសដៅលើប្រធានាធិបតី ក្រុមអ្នកស៊ើបអង្កេតកំពុងពិចារណាលើការចោទប្រកាន់បន្ថែមក្រោម មាត្រា ១៩១ នៃក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ី ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត រហូតដល់ «កាត់ទោសប្រហារជីវិត»៕ អត្ថបទ៖ រិទ្ធី







