អតីតបវរកញ្ញាថៃ ផាណាដា វុងភូឌី (Panadda Wongphudee) អាចនឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់ចំនួន ៣ ករណី រួមមាន បទឆបោកជាសាធារណៈ បទលាងលុយ និងបទល្មើសបច្ចេកវិទ្យា ជុំវិញភាពមិនប្រក្រតីនៃហិរញ្ញវត្ថុរបស់មូលនិធិសប្បុរសធម៌របស់នាង ខណៈដែលរូបនាងផ្ទាល់បានចេញមុខចោទប្រកាន់ស្វាមីខ្លួនឯងថាជាអ្នកកេងបន្លំប្រាក់មូលនិធិនេះ។
កាសែត Bangkok Post បានរាយការណ៍ថា នាង Panadda អាចនឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់ទាំង ៣ នេះ ហើយស្វាមីរបស់នាង គឺលោក អាធិប អាណាន់តាវ៉ាន់ (Atip "Got" Anantawan) ដែលជាវិនិយោគិនអចលនទ្រព្យ ក៏អាចប្រឈមនឹងបទចោទប្រកាន់ពីបទលាងលុយដូចគ្នា ខណៈដែលបច្ចុប្បន្ន អាជ្ញាធរ កំពុងប្រមូលភស្តុតាងជុំវិញប្រាក់បរិច្ចាគរបស់ពលរដ្ឋថៃទៅកាន់ «មូលនិធិអំពើល្អ» ឬ Good Deeds Foundation ដែលមានទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានបាត ឬស្មើនឹងប្រមាណជិត ៣០ លានដុល្លារអាមេរិក ថាតើប្រាក់ទាំងនោះត្រូវបានយកទៅប្រើប្រាស់ខុសគោលដៅដើម ឬមានការរំលោភបំពានលើបទប្បញ្ញត្តិហិរញ្ញវត្ថុដែរ ឬយ៉ាងណា។
គួរបញ្ជាក់ផងដែរថា នាង Panadda ដែលបានគ្រងមកុដបវរកញ្ញាថៃ ឬ Miss Thailand ឆ្នាំ ២០០០ គឺជាប្រធានមូលនិធិនេះ តែត្រូវបានព្យួរតំណែងកាលពីខែតុលាកន្លងទៅ ជុំវិញរឿងអាស្រូវទាំងនេះ។ មូលនិធិនេះ បានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំ ២០១៩ និងបានចុះបញ្ជីផ្លូវការនៅឆ្នាំ ២០២៤ ដោយផ្តោតលើការសង្គ្រោះគ្រោះមហន្តរាយ ជំនួយផ្នែកច្បាប់ ជម្រកសម្រាប់ក្រុមជនងាយរងគ្រោះ ព្រមទាំងជំនួយវេជ្ជសាស្ត្រ និងការអប់រំ៕ អត្ថបទ៖ រិទ្ធី







