រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយលោក ឡេ ហ្វៃ ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រីការបរទេសវៀតណាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១១។នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យការបរទេសចិន។
ក្នុងជំនួបនេះ លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងរួមដែលថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរបានឯកភាពគ្នា ព្រមទាំងពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ជំរុញការតភ្ជាប់ផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសឱ្យកាន់តែទូលំទូលាយ សម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងចាប់យកឱកាសអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ។ ភាគីទាំងពីរក៏គួរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ ប្រទេសទាំងពីរនឹងពង្រឹងការសម្របសម្រួលពហុភាគីតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមស្រប និងរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
លោក វ៉ាង យី ក៏បានបញ្ជាក់ថា ការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោកនាពេលបច្ចុប្បន្ន បង្ហាញពីភាពត្រឹមត្រូវនៃមាគ៌ាសង្គមនិយម និងជម្រើសប្រព័ន្ធដឹកនាំដែលប្រទេសចិន និងវៀតណាមបានជ្រើសរើស។ គណបក្សទាំងពីរមានឧត្តមគតិ ជំនឿ និងទស្សនៈរួមក្នុងការដឹកនាំបក្ស និងគ្រប់គ្រងប្រទេស។ ដូច្នេះ ភាគីទាំងពីរគួរបង្កើនការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគាំទ្រគ្នា ព្រមទាំងបន្តពង្រឹងខ្លឹមសារនៃសហគមន៍វាសនារួមចិន-វៀតណាមក្នុងយុគសម័យថ្មី ដើម្បីជំរុញដំណើរការទំនើបកម្មរបស់ប្រទេសនីមួយៗ៕ អត្ថបទដោយ៖ សុភ័ក្រ្ត







