ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២០នាទី បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពពីសំណាក់យោធាថៃ ក្នុងការរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រ ពីទីតាំងចាស់ ព្រមទាំងពិនិត្យលើការគោរព និងអនុវត្តវិធានការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងចាត់ទុកថា ការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមនេះមានសារៈសំខាន់ក្នុងការត្រួតពិនិត្យ និងធានាឱ្យការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការដែលកម្ពុជា និងថៃបានឯកភាពគ្នា ប្រព្រឹត្តទៅដោយពេញលេញ និងមានប្រសិទ្ធភាព។ យន្តការនេះក៏ជួយលើកកម្ពស់តម្លាភាព និងគណនេយ្យភាពរវាងភាគីទាំងពីរផងដែរ។


ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាដោយសុឆន្ទៈ និងស្មោះត្រង់ ជាពិសេសសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ ដោយ៖ សុភ័ក្រ្ត













