ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥នាទី ក្រុមអ្នកសម្របសម្រួល (CLG) បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រង់ស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះត្រូវបានរាយការណ៍ថា រងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ ក្រសួងបានបញ្ជាក់ថា ស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្តីជូនដំណឹងដដែល កម្ពុជាបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមនេះ ក្នុងការតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការដែលកម្ពុជា និងថៃបានឯកភាពគ្នា។ ការងារនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តរវាងភាគីទាំងពីរ ខណៈកម្ពុជាក៏ស្វាគមន៍ប្រទេសជាមិត្តដែលមានបំណងចូលរួមគាំទ្រដំណើរការនេះផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងពាក់ព័ន្ធ រួមមាន សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ មានគោលដៅជំរុញការវិលត្រឡប់ទៅរកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ ដោយ៖ សុភ័ក្រ្ត














