រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្ដៅគគុក! សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ត្រូវផ្ដន្ទាទោស ១០ ឆ្នាំ ពីបទឃុបឃិតជាមួយបរទេស

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

តុលាការហុងកុងបានផ្តន្ទាទោសលោក Joshua Wong ដាក់ពន្ធនាគារ១០ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងសំណុំរឿងឃុបឃិតជាមួយបរទេស។ លោកកំពុងអនុវត្តទោស៤ឆ្នាំ៨ខែក្នុងសំណុំរឿងមុន ហើយធ្លាប់ត្រូវបានរំពឹងថានឹងដោះលែងនៅខែមករា ឆ្នាំ២០២៧។

សកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាញរបស់ក្រុងហុងកុង លោក Joshua Wong ត្រូវបានតុលាការក្រុងហុងកុង កាត់ទោសដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកានេះ ក្រោមបទចោទប្រកាន់ «ឃុបឃិតជាមួយកម្លាំងបរទេសដើម្បីគំរាមកំហែងដល់សន្តិសុខជាតិ»។

លោក Wong ដែលលេចធ្លោក្នុងឆាកអន្តរជាតិ អំឡុង «ចលនាបាតុកម្មឆត្រ» ឬ Umbrella Movement កាលពីឆ្នាំ២០១៤ បានចំណាយពេលជិត ៦ ឆ្នាំរួចមកហើយនៅក្នុងពន្ធនាគារ ហើយតាមរយៈការកាត់ទោសនេះ លោកត្រូវបានរំពឹងថានឹងជាប់ពន្ធនាគាររហូតដល់ចុង ឆ្នាំ ២០៣៦ ខាងមុខ។

អតីតមេដឹកនាំនិស្សិតរូបនេះ ដែលទើបតែឈានចូលវ័យ ៣០ ឆ្នាំ កាលពីខែមុន ដើមឡើយត្រូវបានរំពឹងថានឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅខែមករា ខាងមុខ បន្ទាប់ពីបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និង ៨ ខែ ពីបទ «ឃុបឃិតដើម្បីផ្តួលរំលំអំណាចរដ្ឋ» ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ចេញដោយទីក្រុងប៉េកាំង។

តែទោះជាយ៉ាងណា អាជ្ញាធរក្រុងហុងកុង បានប្រើច្បាប់សន្តិសុខជាតិដដែលនេះ ដើម្បីចោទប្រកាន់លោក Wong ជាថ្មីម្តងទៀតកាលពីខែមិថុនា ឆ្នាំមុន ដោយចោទប្រកាន់រូបលោកថាបាន «ឃុបឃិតជាមួយបណ្តាប្រទេស និងអង្គភាពបរទេស» ដើម្បីជម្រុញឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រុងហុងកុង និងប្រទេសចិន៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…