ប្រធានាធិបតីប្រទេសស៊ីរី លោក Ahmed al-Sharaa និងរាជ្ជទាយាទប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន រាប់បញ្ចូលទាំង «កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ» និងកញ្ចប់កម្ចីឥណទានសម្បទានជាង ៤០៣ លានដុល្លារ ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់អភិវឌ្ឍវិស័យថាមពល លំនៅឋាន សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ីរី។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ អំឡុងពេលដំណើរទស្សនកិច្ចលើកទីពីររបស់លោក al-Sharaa ទៅកាន់ទីក្រុងរីយ៉ាត ក្នុងរយៈពេលមិនដល់មួយខែផង។
កិច្ចព្រមព្រៀងការពារជាតិនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី លោក Asaad al-Shaibani បានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងស្ទាបស្ទង់ និងវាយតម្លៃលើលទ្ធភាពនៃការចូលរួមក្នុង «សន្ធិសញ្ញាការពារជាតិទៅវិញទៅមក» រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត តួរគី និងប៉ាគីស្ថាន។
ការចាប់ដៃគ្នានេះ ក៏កើតឡើងខណៈដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងស្វែងរកជំនួយយោធាពីសហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា ក្នុងសង្គ្រាមប្រឆាំងក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលបានបើកការវាយប្រហារលើអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតយ៉ាងចាស់ដៃនោះ។
គួររំលឹកផងដែរថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាអ្នកគាំទ្រយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលស៊ីរី ចាប់តាំងពីលោក al-Sharaa ឡើងកាន់អំណាច បន្ទាប់ពីការផ្តួលរំលំរបបរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ រិទ្ធី







