ខេត្តព្រះសីហនុ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អនុប្រធាន ព្រមទាំងសមាជិក សមាជិកាទាំងអស់។
ក្នុងឱកាសបើកកិច្ចប្រជុំ លោកឧកញ៉ា តាន់ តាត់ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់សមាជិក សមាជិកាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងជំនួបដ៏សំខាន់នេះ។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ៖ ការវាយតម្លៃលទ្ធផលការងារ ពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។
ការពង្រឹងកិច្ចសហការ រកវិធីសាស្ត្រក្នុងការពង្រឹងសកម្មភាព និងការសម្របសម្រួលរវាងសមាជិកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព។
ការកំណត់ទិសដៅឆ្នាំ២០២៧ រៀបចំផែនការសកម្មភាព និងយុទ្ធសាស្ត្រការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧ ខាងមុខ។
ក្នុងបរិយាកាសស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ សមាជិក សមាជិកា បានចូលរួមផ្លាស់ប្តូរមតិយោបល់ ព្រមទាំងលើកឡើងនូវសំណូមពរ និងគំនិតច្នៃប្រឌិតល្អៗជាច្រើន ដើម្បីរួមចំណែកជំរុញ និងអភិវឌ្ឍប្រតិបត្តិការងាររបស់សភាពាណិជ្ជកម្មខេជាបន្តបន្ទាប់។
ជាកិច្ចបញ្ចប់ លោកឧកញ៉ា តាន់ តាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួម និងមតិយោបល់ប្រកបដោយការបង្កើតថ្មីពីគ្រប់ភាគី ពោលគឺបានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ បន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងខិតខំបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕
ដោយ៖ ប៉ៃ សុឃីម ប្រភព៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ















