រាជរដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២៧ ដោយកំណត់កម្រិតប្រាក់បៀវត្សថ្មីទៅតាមប្រភេទមុខតំណែងនីមួយៗ។ យោងតាមសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរាជការស៊ីវិលទូទៅនឹងទទួលបានបៀវត្សអប្បបរមាកើនពី ១.៣៩៦.៩៥០រៀល នៅឆ្នាំ២០២៦ ដល់ប្រមាណ ១.៤៤៦.៩៥០រៀល នៅឆ្នាំ២០២៧។ ចំណែកគ្រូបង្រៀន និងគ្រូពេទ្យ នឹងកើនពី ១.៤៩៦.៩៥០រៀល ដល់ប្រមាណ ១.៥២៦.៩៥០រៀល។


ចំពោះកងកម្លាំងប្រដាប់អាវុធ បៀវត្សនគរបាលជាតិថ្នាក់ពលបាលត្រី នឹងកើនពី ១.៤៨៣.៩២៧រៀល នៅឆ្នាំ២០២៦ ដល់ប្រមាណ ១.៥៣៣.៩២៧រៀល នៅឆ្នាំ២០២៧ ដោយគិតបញ្ចូលទាំងរបបអង្ករ។ រីឯយោធិនថ្នាក់ពលទោ នឹងទទួលបានបៀវត្សកើនពី ១.៣៤៦.៥៥០រៀល ដល់ប្រមាណ ១.៣៩៦.៥៥០រៀល ដោយមិនទាន់គិតបញ្ចូលរបបអង្ករ។


ជាមួយគ្នានេះ បើគិតបញ្ចូលទាំងរបបអង្ករ បៀវត្សយោធិនថ្នាក់ពលទោនៅឆ្នាំ២០២៧ នឹងមានចំនួនសរុបប្រមាណ ១.៤៥៥.០២៧រៀល។ ការកែសម្រួលបៀវត្សនេះ គឺជាការកំណត់អត្រាបៀវត្សអប្បបរមាថ្មីសម្រាប់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ២០២៧ ដោយផ្អែកលើប្រភេទមុខតំណែង និងរបបអត្ថប្រយោជន៍ដែលបានកំណត់។


ដោយទ្បែកប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧ ត្រូវបានដំឡើង ដូចខាងក្រោម៖
ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ៦៨៥ ០០០ រៀល ទៅដល់ ១ ៧៣៥ ០០០រៀល សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ២៨០ ០០០ រៀល ទៅដល់ ១ ៣១០ ០០០រៀល ។
ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ៣៩៥ ០០០ រៀល ដល់ ១ ៤៤៥ ០០០រៀល សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ០៥០ ០០០ រៀល ទៅដល់ ១ ០៨០ ០០០រៀល ។
រីឯក្រុមប្រឹក្សាឃុំ សង្កាត់៖ មេឃុំ ចៅសង្កាត់ នឹងត្រូវបានដំឡើងពី ១ ៣៤៥ ០០០រៀល ២០២៦ ដល់ ១ ៣៩៥ ០០០រៀល ។ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវបានដំឡើងពី ១ ០០៥ ០០០ រៀល ដល់ ១ ០៣៥ ០០០រៀល នៅឆ្នាំ២០២៧
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី ៨៩៥ ០០០រៀល ដល់ ៩២៥ ០០០រៀល ។មេភូមិ នឹងត្រូវបានដំឡើងពី ៥៧០ ០០០រៀល ទៅដល់ ៦៣០ ០០០រៀល ។អនុប្រធានភូមិ នឹងត្រូវបានដំឡើងពី ៤៤៥ ០០០រៀល ដល់ ៥០៥ ០០០រៀល។សមាជិកភូមិ នឹងត្រូវបានដំឡើងពី ៤១៥ ០០០រៀល ដល់ ៤៧៦ ០០០រៀល នៅឆ្នាំ២០២៧។ អត្ថបទដោយ៖ សុភ័ក្រ្ត








