រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្អែកលើការគោរពគ្នា ផលប្រយោជន៍រួម និងការជឿទុកចិត្ត ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់មេគង្គ-ឡានឆាង ២.០»។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់មេគង្គ-ឡានឆាង ២.០»។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនេះ កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តលើគោលការណ៍គោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការជឿទុកចិត្តគ្នា ព្រមទាំងថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ចំនួន១១៣ នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងនូវអាទិភាពសំខាន់៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២.០ រួមមាន ការពង្រឹងទំនុកចិត្ត សន្តិភាព និងស្ថិរភាព ការជំរុញសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់ កិច្ចសហប្រតិបត្តិការលើធនធានទឹក និងការប្រែប្រួលអាកាសធាតុ ការបង្កើនការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងសន្តិសុខថ្មីៗ ព្រមទាំងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចសន្ទនាត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន និងថៃ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ថៃ ព្រមទាំងបានជួបពិភាក្សាជាមួយឯកឧត្តម ឡៃ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលតំបន់នានា។

ដោយឡែក ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ភាគីកម្ពុជា និងចិនបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…