ក្រុមបាតុកររាប់រយនាក់ និងអ្នកនយោបាយប្រឆាំងនៅប្រទេសប៉ារ៉ាហ្គាយ បានចាប់ផ្តើមដំណើរការនីតិវិធីទម្លាក់លោកប្រធានាធិបតី សាន់ទីយ៉ាហ្គូ ប៉េណា (Santiago Pena) ចេញពីតំណែង បន្ទាប់ពីផ្ទុះវិបត្តិនៅធនាគារ Ueno ដែលបានបង្កឱ្យអតិថិជនជិត ៣ លាននាក់ មិនអាចដកប្រាក់សន្សំរបស់ពួកគេបាន ក្រោយពេលធនាគារកណ្តាលបានចូលរឹបអូស និងគ្រប់គ្រងធនាគារមួយនេះ។
ធនាគារកណ្តាលរបស់ប្រទេសប៉ារ៉ាហ្គាយ បានសម្រេចចិត្តចូលជ្រៀតជ្រែក និងគ្រប់គ្រងធនាគារ Ueno ភ្លាមៗ បន្ទាប់ពីបានរកឃើញថា ធនាគារឌីជីថលមួយនេះ បានរំលោភបំពានលើកម្រិតតម្រូវការសាច់ប្រាក់ និងខ្វះខាតដើមទុនបម្រុងយ៉ាងធ្ងន់ធ្ងរ។
ធនាគារ Ueno នេះ មានអតិថិជនប្រមាណ ៣ លាននាក់ នៅក្នុងប្រទេសដែលមានប្រជាជនសរុបត្រឹមតែ ៦.៥ លាននាក់ និងគ្រប់គ្រងមូលនិធិសាធារណៈរបស់រដ្ឋជិត ៨៥០ លានដុល្លារ។ ការបិទធនាគារភ្លាមៗបានបង្កឱ្យផ្ទុះការតវ៉ាយ៉ាងក្តៅគគុក និងការតម្រង់ជួរយ៉ាងវែងអន្លាយនៅមុខសាខាធនាគារនានាក្នុងទីក្រុង Asuncion ដោយសារប្រជាពលរដ្ឋមិនអាចដកប្រាក់សន្សំរបស់ពួកគេបាន។
គួរបញ្ជាក់ផងដែរថា សមាជិកសភាចំនួន ៣៥ រូប បានដាក់លិខិតចោទប្រកាន់ជាផ្លូវការទៅកាន់រដ្ឋសភាដែលមានសមាជិកសរុប ៨០ រូប ដោយចោទប្រកាន់លោក ប៉េណា ពីបទ «ការបំពេញភារកិច្ចមិនត្រឹមត្រូវ មានទំនាស់ផលប្រយោជន៍ និងការប្រព្រឹត្តមិនប្រក្រតី» ក្នុងការដោះស្រាយការដួលរលំនៃធនាគារនេះ។ ហើយដើម្បីឱ្យដំណើរការទម្លាក់ប្រធានាធិបតីអាចឈានទៅមុខបាន ក្រុមប្រឆាំងត្រូវការសម្លេងគាំទ្រយ៉ាងហោចណាស់ ៥៣ សម្លេង នៅក្នុងរដ្ឋសភា ហើយប្រសិនបើឆ្លងផុត ញត្តិនេះត្រូវតែទទួលបានការអនុម័តបន្ថែមពីសមាជិកព្រឹទ្ធសភា យ៉ាងហោចណាស់ ៣០ រូប ក្នុងចំណោម ៤៥ រូប៕ អត្ថបទ៖ រិទ្ធី







