ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ដែលប្រារព្ធឡើងថ្ងៃជាប្រវត្តិសាស្ត្រជាតិ។
ការប្រារព្ធពិធីនេះ គឺជាការរំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង ព្រមទាំងជាឱកាសរំឭកដល់ការបង្កើតកងយោធពលខេមរភូមិន្ទ ដែលមានតួនាទីសំខាន់ក្នុងការការពារជាតិ និងប្រជាជន។


ខួបលើកទី៧៣ នេះ ក៏ជាសក្ខីភាពនៃការចងចាំ និងគោរពដឹងគុណចំពោះព្រះមហាក្សត្រ បុព្វបុរស និងវីរកងទ័ពទាំងឡាយ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជាការបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងការពារសន្តិភាពសម្រាប់ប្រទេសជាតិ។
សូមរំលឹកថាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតសម្រាប់ប្រជាជាតិខ្មែរ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេលជិត ៩០ឆ្នាំ ចាប់តាំងពីឆ្នាំ១៨៦៣។ ការទាមទារឯករាជ្យនេះ ត្រូវបានដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តាមរយៈយុទ្ធនាការទាមទារឯករាជ្យ ដែលមានឈ្មោះថា «ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ»។


ក្នុងដំណើរការទាមទារឯករាជ្យ ព្រះបាទ នរោត្តម សីហនុ បានប្រើប្រាស់មធ្យោបាយការទូត និងការចរចាជាមួយអាជ្ញាធរបារាំង ព្រមទាំងធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយពីបំណងប្រាថ្នារបស់ប្រជាជនខ្មែរ ក្នុងការទទួលបានសិទ្ធិសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង។ ក្រោយការខិតខំប្រឹងប្រែង និងការចរចាជាបន្តបន្ទាប់ បារាំងបានយល់ព្រមប្រគល់ឯករាជ្យពេញលេញដល់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ អត្ថបទដោយ៖ សុភ័ក្រ្ត













