ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការរៀបចំ និងតម្លើងពន្លាជាតិ ស្តង់ពិព័រណ៍ ស្តង់ម្ហូបអាហារ ឆាកសម្តែងកម្មវិធីសិល្បៈចម្រុះ និងទីតាំងសម្រាប់រៀបចំសន្និសិទ សិក្ខាសាលាពហុបំណង នៅក្នុងភូមិហ្រ្វង់កូហ្វូនី ដែលកំពុងដំណើរការសាងសង់តាមការគ្រោងទុក ដោយក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់លើគុណភាព សោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។


សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
គួររំលឹកថានៅសល់រយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


នៅព្រឹកមិញនេះសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យប្រជាពលរដ្ឋ មានមោទកភាព ដែលប្រទេសយើងតូច បានដើរតួស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ក្នុងការរៀបចំកិច្ចប្រជុំហ្រ្វង់កូហ្វូនីជាលើកទី២០ ដែលមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៅលើពិភពលោកដែលប្រើប្រាស់ភាសាបារាំងនិងចូលរួម។ ការបង្ហាញវត្តមានរបស់មេដឹកនាំនានានៅកម្ពុជាបានដោយសារការទុកចិត្តប្រទេសកម្ពុជាមានសន្តិភាពសុវត្ថិភាព៕
អត្ថបទដោយ៖ សុភ័ក្រ្ត












