គ្រោះអគ្គិភ័យដ៏រន្ធត់ បានឆាបឆេះបំផ្លាញផ្ទះឈើ ២ ជាន់មួយខ្នង នៅក្នុងតំបន់ Sunset Park ទីក្រុងញូវយ៉ក កាលពី ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកាម្សិលមិញ ដោយបានផ្តាច់ជីវិតមនុស្ស ៦ នាក់ និងជាច្រើននាក់ទៀតរងរបួស។
ទោះបីជាកងកម្លាំងពន្លត់អគ្គិភ័យក្រុងញូវយ៉ក បានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងរហ័សយ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី អណ្តាតភ្លើងបានលេបត្របាក់លំនៅឋាននេះឆាបឆេះគ្មានសល់។
យោងតាមប្រធានក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា អគារកើតហេតុ គឺជាអគារសាងសង់ដោយឈើទាំងស្រុង ដែលធ្វើឱ្យភ្លើងឆាបឆេះរាលដាលយ៉ាងឆាប់រហ័សបែបនេះ ខណៈដែលនៅក្នុងការស៊ើបអង្កេតដំបូង មន្ត្រីកោសល្យវិច័យអគ្គិភ័យ បានរកឃើញអាគុយមួយគ្រាប់នៅកន្លែងកើតហេតុ ដែលអាចជាមូលហេតុជំរុញឱ្យមានការឆាបឆេះនេះ។
គួររំលឹកផងដែរថា ទីក្រុងញូវយ៉ក បានប្រឈមមុខនឹងការកើនឡើងយ៉ាងគំហុកនៃគ្រោះអគ្គិភ័យដែលបង្កឡើងដោយអាគុយ ឬថ្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់អាគុយគ្មានស្តង់ដារ ការប្រែប្រួលប្រព័ន្ធភ្លើង ឬការសាកថ្មចោលលើសកំណត់៕ អត្ថបទ៖ រិទ្ធី







