រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការវិនិយោគលើអាហារូបត្ថម្ភ ដើម្បីពង្រឹងមូលធនមនុស្ស និងអនាគតកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ថ្ងៃទី៦ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការវិនិយោគលើអាហារូបត្ថម្ភ និងផ្តល់អនុសាសន៍១៦ចំណុច ដើម្បីពង្រឹងមូលធនមនុស្ស។

ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការកសាងមូលធនមនុស្ស និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយអត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំបានថយចុះពី ៥០% មក ២២% អត្រាស្គមស្គាំងពី ១៧% មក ៩,៦% និងអត្រាកុមារមិនគ្រប់ទម្ងន់ពី ៣៩% មក ១៦%។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែប្រឈមនឹងបញ្ហាកង្វះមីក្រូសារជាតិ ភាពស្លេកស្លាំង ការលើសទម្ងន់ ភាពធាត់ជ្រុល និងជំងឺមិនឆ្លង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងអន្តរាគមន៍បន្ថែម។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពខ្ពស់បំផុត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅឱ្យប្រជាជនគ្រប់រូបទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានសុវត្ថិភាពត្រឹមឆ្នាំ២០៣០ ដោយផ្តោតលើការពង្រឹងប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។ ក្នុងន័យនេះ សម្តេចធិបតីបានផ្តល់អនុសាសន៍ចំនួន១៦ចំណុច ដោយផ្តោតលើការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពម្ហូបអាហារ សេវាសុខាភិបាល ការអប់រំអាហារូបត្ថម្ភនៅតាមសាលារៀន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ កម្មវិធីគាំពារសង្គម ព្រមទាំងការការពារបរិស្ថាន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស សម្តេចធិបតីបានកំណត់គោលដៅកាត់បន្ថយអត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំឱ្យនៅក្រោម១៩% និងអត្រាស្គមស្គាំងឱ្យនៅក្រោម៦% ត្រឹមឆ្នាំ២០៣០។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ បន្តសហការនិងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅគ្រប់មជ្ឈដ្ឋាន។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់អ្នកផលិត អ្នកលក់ និងអ្នកប្រកបអាជីវកម្មម្ហូបអាហារ ក្នុងការធានាសុវត្ថិភាពចំណីអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ ជាមួយគ្នានេះ មាតា បិតា និងអ្នកថែទាំកុមារ ត្រូវយកចិត្តទុកដាក់លើការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង ការផ្តល់អាហារបន្ថែមចម្រុះ និងការនាំកុមារទៅពិនិត្យតាមដានសុខភាពជាប្រចាំ។ ការចូលរួមពីគ្រប់ភាគីត្រូវបានចាត់ទុកថាជាកម្លាំងសំខាន់ក្នុងការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ លើកកម្ពស់សុខភាពប្រជាជន និងកសាងមូលធនមនុស្សប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព និងវិបុលភាព៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…