រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជនភៀសខ្លួនជិត ៩០ លាននាក់ កំពុងរស់ក្នុងតំបន់គ្រោះថ្នាក់បំផុតនៃវិបត្តិបំរែបំរួលអាកាសធាតុ

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

អង្គការសហប្រជាជាតិបានព្រមានថា ជនភៀសខ្លួន និងជនបាត់បង់ទីជម្រកដោយបង្ខំជិត៩០លាននាក់ កំពុងប្រឈមហានិភ័យធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងអំពាវនាវឱ្យមានចំណាត់ការអន្តរជាតិជាបន្ទាន់។

ជនភៀសខ្លួនប្រមាណបីភាគបួននៅទូទាំងពិភពលោក កំពុងរស់នៅក្នុងបណ្តាប្រទេសដែលប្រឈមមុខយ៉ាងធ្ងន់ធ្ងរ នឹងគ្រោះមហន្តរាយធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកានេះ ព្រមទាំងបានអំពាវនាវឱ្យមានចំណាត់ការអន្តរជាតិជាបន្ទាន់ ដើម្បីការពារក្រុមមនុស្សដែលងាយរងគ្រោះបំផុតទាំងនេះ។


នៅក្នុងរបាយការណ៍ថ្មីស្រឡាងមួយរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ជនភៀសខ្លួន និងជនបាត់បង់ទីជម្រកដោយបង្ខំជិត ៩០ លាននាក់ កំពុងប្រឈមមុខនឹងហានិភ័យដ៏ធ្ងន់ធ្ងរបំផុត ដែលកើតចេញពីការកើនឡើងកម្ដៅនៃភពផែនដី។ ពួកគេត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីជម្លោះប្រដាប់អាវុធ សង្រ្គាម ឬវិបត្តិសេដ្ឋកិច្ច ដែលពួកគេមិនបានបង្កើតឡើង ហើយឥឡូវនេះ ពួកគេបែរជាត្រូវមកឈរនៅមុខគេ ប្រឈមដោយផ្ទាល់នឹងវិបត្តិអាកាសធាតុ ដែលពួកគេមិនបានរួមចំណែកបង្កឡើងទាល់តែសោះ។


លើសពីនេះ រលកកម្ដៅដ៏ខ្លាំង ក៏កំពុងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ដោយយោងតាមរបាយការណ៍បានព្រមានថា នៅត្រឹមឆ្នាំ ២០៥០ ខាងមុខ មួយភាគបីនៃទីតាំងជ្រកកោនជនភៀសខ្លួននៅទូទាំងតំបន់អាហ្វ្រិកសាហារ៉ាភាគខាងត្បូង អាចនឹងត្រូវប្រឈមមុខនឹងកម្ដៅដ៏ក្តៅបំផុត រហូតដល់ ១០០ ថ្ងៃ ឬច្រើនជាងនេះក្នុងមួយឆ្នាំៗ។


គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មហន្តរាយធម្មជាតិ បានបង្កឱ្យមានការភៀសខ្លួនរហូតដល់ជាង ២៥៥ លានលើកនៅទូទាំងពិភពលោក ដែលស្មើនឹងប្រមាណ ៧០,០០០ នាក់ក្នុងមួយថ្ងៃៗ ខណៈដែល បាតុភូតអាកាសធាតុ អែលនីញ៉ូ (El Niño) ដែលកើតឡើងនៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងបង្កឱ្យមានការភៀសខ្លួនកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…