សភាជាតិសិង្ហបុរីកាលពីថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅនេះ បានអនុម័តជាផ្លូវការ នូវការធ្វើវិសោធនកម្មច្បាប់ស្តីពីការបំពុលដោយផ្សែងឆ្លងដែន ដោយបង្កើនអំណាចអនុវត្តច្បាប់ ដំឡើងទោសពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងដាក់ចេញនូវវិធានការក្តៅៗប្រឆាំងនឹងក្រុមហ៊ុនទាំងឡាយណា ដែលមានពាក់ព័ន្ធនឹងការបំពុលបរិយាកាស បង្កឡើងដោយភ្លើងឆេះព្រៃ។
នៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ បទល្មើសទាំងឡាយដែលស្ថិតនៅក្រោមច្បាប់នេះ ត្រូវបានចាត់ថ្នាក់ជា «បទល្មើសដែលអាចឈានទៅដល់ការចាប់ខ្លួន» ភ្លាមៗ។ ជាមួយគ្នានេះ តុលាការសិង្ហបុរី ក៏ត្រូវបានផ្តល់អំណាចផ្លូវច្បាប់ក្នុងការបើកសវនាការកាត់ទោសកំបាំងមុខ លើជនជាប់ចោទទាំងឡាយណាដែលកំពុងរស់នៅបរទេស ឬអ្នកមិនអាចទាក់ទងបានផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនទាំងឡាយណាដែលមិនអនុវត្តតាមបទបញ្ញត្តិ គឺត្រូវតម្លើងការពិន័យជាទឹកប្រាក់រហូតដល់ ១០ ដង គឺប្រមាណជិត ៨០០,០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ខណៈកម្រិតពិន័យសរុប ត្រូវបានដំឡើងរហូតដល់ទៅជាង ១៥ លានដុល្លារអាមេរិក។
បន្ថែមពីលើនេះ វិសោធនកម្មថ្មីបានផ្តល់អំណាចឱ្យរដ្ឋាភិបាលសិង្ហបុរី បង្ខំឱ្យក្រុមហ៊ុនសង្ស័យទាំងនោះ ត្រូវចាត់តាំងអ្នកវាយតម្លៃឯករាជ្យពីវិស័យឯកជន ដើម្បីចុះស៊ើបអង្កេតករណីអគ្គិភ័យ សកម្មភាពអាជីវកម្ម និងទំនាក់ទំនងសាជីវកម្មដែលពាក់ព័ន្ធ។ មិនតែប៉ុណ្ណោះ អាជ្ញាធរមានសមត្ថកិច្ច ក៏មានសិទ្ធិដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលត្រូវបានកំណត់ ក្នុងនោះរាប់បញ្ចូលទាំងការកម្រិត ឬហាមឃាត់ការទទួលបានសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសសិង្ហបុរីផងដែរ។
ការបោះជំហានយ៉ាងម៉ឺងម៉ាត់ផ្នែកច្បាប់នេះ ធ្វើឡើងបន្ទាប់ពីប្រទេសសិង្ហបុរី បានរងគ្រោះដោយសារវិបត្តិផ្សែងពុលអស់រយៈពេលជាច្រើនសប្តាហ៍ ដែលហោះឆ្លងដែនចេញពីភ្លើងឆេះព្រៃក្នុងប្រទេសឥណ្ឌូណេស៊ី៕ អត្ថបទ៖ រិទ្ធី







