ស្រះខាងជើងនៃប្រាសាទអង្គរវត្ត ត្រូវបានអាជ្ញាធរជាតិអប្សរាសម្រេចបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ព្រមទាំងថតរូបទេសភាពប្រាសាទអង្គរវត្តជាមួយស្រះឡើងវិញជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបញ្ចប់ការងារជួសជុល។ ការបើកដំណើរការឡើងវិញនេះ គឺជាដំណឹងដ៏រីករាយសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រឡាញ់សម្បត្តិបេតិកភណ្ឌជាតិ ដោយពួកគេអាចត្រឡប់មកទស្សនា និងផ្តិតយករូបភាពទេសភាពដ៏ស្រស់ស្អាតនៃប្រាសាទអង្គរវត្តពីមុំស្រះខាងជើងបានជាថ្មី។ ស្រះខាងជើងក៏ជាទីតាំងដែលរួមចំណែកបង្កើតទិដ្ឋភាពដ៏ទាក់ទាញនៃប្រាសាទអង្គរវត្ត ជាពិសេសការឆ្លុះបញ្ចាំងរូបរាងប្រាសាទលើផ្ទៃទឹក ដែលជាទិដ្ឋភាពដ៏ពេញនិយមសម្រាប់ការថតរូប និងការចងចាំរបស់ភ្ញៀវទេសចរ។


ជាក់ស្តែង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំគណៈប្រតិភូ ដែលរួមមានឯកឧត្តមអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានជួសជុលស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងវាយតម្លៃស្ថានភាពការងារជួសជុលជាក់ស្តែង។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរួចមក ថ្នាក់ដឹកនាំបានសម្រេចអនុញ្ញាតឱ្យបើកតំបន់ស្រះខាងជើងជូនភ្ញៀវទេសចរចូលទស្សនាឡើងវិញចាប់ពីថ្ងៃដដែល។ ការត្រួតពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់លើការងារថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីធានាថាទីតាំងទស្សនាមានស្ថានភាពសមស្របសម្រាប់ភ្ញៀវទេសចរ។



ការបើកស្រះខាងជើងឡើងវិញ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ការទស្សនា និងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ភាពទាក់ទាញនៃរមណីយដ្ឋានអង្គរ និងគាំទ្រដល់វិស័យទេសចរណ៍វប្បធម៌របស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការថែរក្សាសោភណភាពបរិស្ថាន និងការចូលរួមថែរក្សាបេតិកភណ្ឌពីសំណាក់ភ្ញៀវទេសចរគ្រប់រូប គឺមានសារៈសំខាន់ក្នុងការធានាឱ្យតំបន់អង្គរនៅតែរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសោភណភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ ភ្ញៀវទេសចរដែលមានគម្រោងទៅទស្សនាប្រាសាទអង្គរវត្ត អាចបន្ថែមស្រះខាងជើងទៅក្នុងកម្មវិធីទស្សនារបស់ខ្លួន ដើម្បីទទួលបានបទពិសោធន៍ទស្សនាទេសភាពបេតិកភណ្ឌដ៏មានតម្លៃមួយនេះ។
អត្ថបទដោយ៖ សុភ័ក្រ្ត














