រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបញ្ជាក់ជាថ្មីការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ជំរុញភាពជាដៃគូ និងការអភិវឌ្ឍប្រកបដោយចីរភាព

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កម្ពុជាបញ្ជាក់ការគាំទ្រប្រព័ន្ធអ្នកសម្របសម្រួលអ.ស.ប.ប្រចាំប្រទេស និងអំពាវនាវឱ្យពង្រឹងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍ជាតិ។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះប្រព័ន្ធអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេស និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបញ្ជាក់ជំហរនេះធ្វើឡើងដោយឯកអគ្គរាជទូត កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងឱកាសថ្លែងនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកអគ្គរាជទូតបានបញ្ជាក់ពីភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអ.ស.ប. ដែលបានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព និងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាកន្លងមក។

ក្នុងសេចក្តីថ្លែងការណ៍ ឯកអគ្គរាជទូត កែវ ឈា បានលើកឡើងពីសារៈសំខាន់នៃក្រុមការងារប្រចាំប្រទេសរបស់អ.ស.ប. ក្រោមការដឹកនាំរបស់អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវអាទិភាពអភិវឌ្ឍន៍ជាតិ។ ក្នុងនោះរួមមាន ការគាំទ្រដល់ដំណើរការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអនុវត្តគម្រោងនានាដែលរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពស្ថាប័ន ការប្រើប្រាស់ធនធាន និងចំណេះដឹងជំនាញ ព្រមទាំងជំរុញឱ្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍មានភាពស៊ីសង្វាក់ជាមួយតម្រូវការជាក់ស្តែង និងអាទិភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរាជទូត កែវ ឈា បានអំពាវនាវឱ្យបន្តវិនិយោគ និងពង្រឹងប្រព័ន្ធអ្នកសម្របសម្រួលប្រចាំប្រទេស ដើម្បីធានាថាប្រព័ន្ធអភិវឌ្ឍន៍របស់អ.ស.ប. មានភាពស៊ីសង្វាក់គ្នា ឆ្លើយតបបានទាន់ពេលវេលា និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ការពង្រឹងប្រព័ន្ធនេះក៏ជាកត្តាសំខាន់ក្នុងការធានាឱ្យស្ថាប័ន និងទីភ្នាក់ងារនានារបស់អ.ស.ប. អាចសហការគ្នាបានកាន់តែជិតស្និទ្ធ និងផ្តល់ការគាំទ្រដែលមានលក្ខណៈសមស្របទៅនឹងបរិបទ និងអាទិភាពរបស់ប្រទេសនីមួយៗ។ ការបញ្ជាក់ជំហររបស់កម្ពុជានេះឆ្លុះបញ្ចាំងពីការបន្តលើកកម្ពស់ពហុភាគីនិយម និងភាពជាដៃគូអន្តរជាតិ ដោយចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយអ.ស.ប. ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ព្រមទាំងការកសាងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជន។ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…