រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្ទុះការគំរាមកំហែងបំផ្ទុះគ្រាប់បែកលើជើងហោះហើរ និងអាកាសយានដ្ឋានក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

យន្តហោះយ៉ាងហោចណាស់២១គ្រឿង និងអាកាសយានដ្ឋានជាច្រើននៅអឺរ៉ុបរងការគំរាមបំផ្ទុះគ្រាប់បែក។ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះទេ។

យន្តហោះយ៉ាងហោចណាស់ ២១ គ្រឿង រួមជាមួយនឹងអាកាសយានដ្ឋានជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បានក្លាយជាគោលដៅនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែកជាលើកទីពីរ នៅក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរចក្រភពអង់គ្លេសបានប្រកាសថ្កោលទោស និងចាត់ថ្នាក់ទង្វើនេះថាជា «ការគំរាមកំហែតភូតភរបំភ័យដ៏គ្រោះថ្នាក់បំផុត»។
ការគំរាមកំហែងនេះ បានបង្កផលប៉ះពាល់ដល់ជើងហោះហើរឆ្ពោះទៅកាន់ប្រទេសអូទ្រីស ប៊ែលហ្សិក ប៊ុលហ្ការី សាធារណរដ្ឋឆែក អ៊ីតាលី ប៉ូឡូញ និងរូម៉ានី ដោយជំរុញឱ្យយន្តហោះជាច្រើន ត្រូវបង្ខំចិត្តប្តូរទិសដៅចុះចត ឬត្រូវលុបចោលជើងហោះហើរ។


យ៉ាងណាមិញ រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះណាមួយនៅលើយន្តហោះ ឬទីតាំងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើករណីគំរាមកំហែងទាំងនេះ គឺជាការពិត ឬយ៉ាងណា ខណៈដែលអាជ្ញាធរអាកាសយានដ្ឋានក្នុងទីក្រុងជាច្រើនទូទាំងទ្វីបអឺរ៉ុប ទទួលបានសារគំរាមតាមរយៈអ៊ីមែល ដែលផ្ញើរដោយបុគ្គល ឬក្រុមមួយដែលមានឈ្មោះ «Fighters of the Male State» ដែលក្នុងសារនោះបានសរសេរថា នឹងប្រែពណ៌ផ្ទៃមេឃឱ្យទៅជាពណ៌ក្រហម។


គួរបញ្ជាក់ផងដែរថា ឈ្មោះបុគ្គល ឬក្រុម «Fighters of the Male State» នេះ ត្រូវបានគេជឿជាក់ថា សំដៅទៅលើក្រុមជ្រុលនិយមរុស្ស៊ី ដែលជាក្រុមមានទស្សនៈជ្រុលនិយមខ្លាំង រហូតត្រូវបានតុលាការតំបន់ Nizhny Novgorodប្រកាសបិទ និងចាត់ទុកថាជាក្រុមខុសច្បាប់កាលពីឆ្នាំ ២០២១។ តែទោះជាយ៉ាងណា ក្រុមនេះនៅតែរក្សាបានអ្នកគាំទ្ររាប់ម៉ឺននាក់តាមបណ្តាញអីនធឺណិត ខណៈដែលពួកគេបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕
 អត្ថបទ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…