ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតជូនឯកឧត្តម សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។ ជំនួបនេះបានបង្ហាញពីការបន្តរក្សាទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការគាំទ្រដល់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។


ក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន កិច្ចសន្ទនានយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ការពិភាក្សានេះក៏បង្ហាញពីសារៈសំខាន់នៃការរក្សាការសន្ទនា ការយោគយល់គ្នា និងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ាន។
លើសពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ស្របពេលនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ខួបដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការរំឭកពីប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរយៈពេល៧ទសវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលកន្លងមក និងកំណត់ទិសដៅសហប្រតិបត្តិការថ្មីៗសម្រាប់អនាគត។ ការបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ត្រូវបានរំពឹងថានឹងរួមចំណែកបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រីកឱកាសសេដ្ឋកិច្ច និងជំរុញផលប្រយោជន៍រួមក្នុងតំបន់អាស៊ានឱ្យកាន់តែរីកចម្រើន។ អត្ថបទដោយ៖ សុភ័ក្រ្ត










