ខេត្តព្រះសីហនុ ៖ លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រុមការងារតែងតែចុះរៀបចំឆ្នេរដែលងាយរងការហូរច្រោះដោយទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយធ្វើការឈូសឆាយខ្សាច់ឱ្យស្មើស្អាតឡើងវិញ ដើម្បីធានាបាននូវសោភ័ណភាព និងបរិស្ថានស្អាត ក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងមកលេងកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខ ក៏ដូចជាព្រឹត្តិការណ៍បុណ្យសមុទ្រដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ និងពិធីបុណ្យឆ្លងឆ្នាំសកល ផងដែរ។


ក្នុងកិច្ចការត្រៀមលក្ខណៈនេះ ក្រុមការងារបានរៀបចំទម្លាក់ពោងកំណត់ទីតាំងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរងូតទឹកលេងកម្សាន្ត ដោយសារក្នុងរដូវវស្សាពោងទាំងនោះត្រូវបានលើកចេញ ហើយពេលចូលដល់រដូវប្រាំង ក្រុមការងារបានចាប់ផ្ដើមទម្លាក់ដាក់ឱ្យប្រើប្រាស់ឡើងវិញ។ លោកអភិបាលរងខេត្តបានបន្ថែមថា យុទ្ធនាការរៀបចំ និងសម្អាតឆ្នេរនេះ គឺចាប់ពីឆ្នេរអូរឈើទាល រហូតដល់ឆ្នេរពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ។ ក្រៅពីការកែលម្អខ្សាច់ ក៏មានការដាំដើមដូងបន្ថែម និងការសម្អាតកាប់មែកឈើពុកផុយ ឬបាក់បែកនៅតាមបណ្តោយឆ្នេរផងដែរ។



បច្ចុប្បន្ន ក្រុមការងារដែលដឹកនាំដោយលោក នង ឌីណារ៉ា អភិបាលរងក្រុងព្រះសីហនុ ព្រមទាំងមន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ កំពុងមមាញឹក និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកិច្ចការទាំងនេះឱ្យបានរួចរាល់ជាស្ថាពរ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ បរិស្ថាន និងភាពស្រស់ស្អាតក្នុងការទទួល ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ៕ អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា










