លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G–L។ ពិធីនេះមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងក្រុមហ៊ុន ស្ថាប័ន សហគ្រិន សិប្បករ កសិករ សិស្សានុសិស្ស និងសាធារណជនជាច្រើនរូប




ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ពិព័រណ៍ក្រោមប្រធានបទ «ខ្មែរធ្វើបាន» មានគោលបំណងរួមកម្លាំងសាមគ្គីភាពជាតិ និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលដែលផលិតដោយសហគ្រិនក្នុងស្រុក។ ឯកឧត្តមបានចាត់ទុកព្រឹត្តិការណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញសមត្ថភាពផលិតកម្ម និងសក្ដានុពលសេដ្ឋកិច្ចកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះ ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្ដួចផ្ដើមសកម្មភាពដើម្បីបម្រើប្រយោជន៍ជាតិ និងលើកឡើងថា ពាក្យថា «ខ្មែរធ្វើបាន» គឺជាការបង្ហាញពីមោទនភាព សមត្ថភាព និងស្មារតីរួបរួមរបស់ប្រជាជនខ្មែរគ្រប់ជំនាន់។




ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទស្សនាពិព័រណ៍ និងគាំទ្រផលិតផលខ្មែរឱ្យបានកាន់តែច្រើន ដើម្បីផ្ដល់ឱកាសដល់អ្នកផលិតក្នុងស្រុកបង្ហាញស្នាដៃ សមត្ថភាព និងពង្រីកទីផ្សារ។ ការគាំទ្រផលិតផលក្នុងស្រុកមិនត្រឹមតែជួយលើកកម្ពស់អាជីវកម្ម និងសិប្បកម្មខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕ ដោយ៖ សុភ័ក្រ្ត















