យោងតាមសេចក្តីរាយការណ៍ផ្លូវការពីក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឲ្យដឹងថា កងកម្លាំងសន្តិសុខ និងប្រតិបត្តិការពិសេស បានធ្វើការចាប់ខ្លួនជនជាតិវេណេស៊ុយអេឡាម្នាក់ដែលមានឈ្មោះ Ronny Yordrix Guanipa Chrinosនៅជិតបរិវេណសេតវិមាន បន្ទាប់ពីបុរសប្រដាប់អាវុធរូបនេះ បានស្រែកគំរាមចំៗថា នឹងធ្វើឃាតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ផ្អែកតាមប្រភពព័ត៌មានពីកងអង្គរក្សការពារសន្តិសុខប្រធានាធិបតី អំឡុងពេលចាប់ខ្លួន និងសួរដេញដោល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ មែន ស្របពេលដែលកងអង្គរក្សការពារសន្តិសុខ រឹបអូសបានអាវុធចំនួន ៣ ដើម រួមមានកាំភ្លើង AR-15 ១ ដើម កាំភ្លើងខ្លី ២ ដើម ព្រមទាំងគ្រាប់រំសេវជាច្រើន គ្រាប់ទៀត។

គួររំលឹកផងដែរថា សន្តិសុខនៅជុំវិញសេតវិមានត្រូវបានរឹតបន្តឹងខ្ពស់បំផុត យោងតាមព្រឹត្តិការណ៍ប៉ងធ្វើឃាតជាបន្តបន្ទាប់កាលពីពេលកន្លងមកនេះ ក្នុងនោះរួមមានករណីផ្ទុះអាវុធកាលពីខែឧសភា ដោយភ្នាក់ងារកងអង្គរក្សការពារសន្តិសុខ បានបាញ់សម្លាប់បុរសប្រដាប់អាវុធម្នាក់នៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោន បណ្តាលឲ្យមានការបិទខ្ទប់តំបន់ជុំវិញសេតវិមានជាបន្ទាន់ និងករណីកាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យម្នាក់ បើករថយន្តបុកទម្លុះរបាំងសន្តិសុខនៅជិតច្រកចូលសេតវិមាន។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខ កំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកប្រភព និងអង្គហេតុដែលនៅពីក្រោយការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរូបនេះ៕ អត្ថបទ៖ រិទ្ធី






