រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ក្នុងព្រះរាជពិធីខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋចូលរួម។

ថ្ងៃនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីប្រទានភ្លើងទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នៅព្រឹកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចប្រធានរដ្ឋសភា សម្ដេចធិបតីហ៊ុន ម៉ាណែត និងប្រមុខការពារជាតិបានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ស្ដេចយាងក្នុងព្រះរាជពិធីប្រទានភ្លើងទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧៣  ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ព្រះរាជពិធីប្រទានភ្លើងទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧៣នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

ព្រះរាជពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យជាតិរបស់កម្ពុជា ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

ទិវានេះក៏ជាឱកាសដ៏សំខាន់ក្នុងការរំលឹកដល់ការបង្កើតកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលក្នុងការការពារជាតិ មាតុភូមិ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រជាពលរដ្ឋ។
ព្រះរាជពិធីនេះមានអត្ថន័យជ្រាលជ្រៅក្នុងការដាស់ស្មារតីប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរស និងវីរជនជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុឯករាជ្យជាតិ ព្រមទាំងជំរុញឱ្យកូនខ្មែរជំនាន់ក្រោយបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសន្តិភាព ការពារឯករាជ្យភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះរាជសព្ទសាធុការពរ និងសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិរន្តរ៍៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…