កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកម្មវិធី «ការចែករំលែកវប្បធម៌៖ រាត្រីភាពយន្តអ៊ីស្រាអែល» (Cultural Exchange: Israeli Film Night) ដែលបានប្រព្រឹត្តទៅនៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1 រាជធានីភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក Rami Teplitskiy អនុប្រធានបេសកកម្មនៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) ព្រមទាំងភ្ញៀវកិត្តិយស មិត្តភក្តិអ៊ីស្រាអែល អតីតនិស្សិតខ្មែរដែលបានសិក្សានៅអ៊ីស្រាអែល អ្នកជំនួញ សិល្បករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឯក ប៊ុនថា បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យវប្បធម៌ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយចាត់ទុកវប្បធម៌ជាថាមពលនៃការយោគយល់គ្នា ការផ្លាស់ប្តូរចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន។ ជាមួយគ្នានេះ ភាពយន្តមិនត្រឹមតែជាមធ្យោបាយកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិ តម្លៃមនុស្ស និងវប្បធម៌ទៅកាន់ពិភពលោក ព្រមទាំងជាផ្នែកមួយនៃការទូតវប្បធម៌ (Cultural Diplomacy)។

កម្មវិធីនេះក៏បានបង្ហាញភាពយន្តអ៊ីស្រាអែល «Here We Are» ដែលរៀបរាប់ពីដំណើររបស់ឪពុកម្នាក់ដែលមានសេចក្តីស្រឡាញ់ និងការលះបង់ចំពោះកូនប្រុសដែលកើតអូទីស្សឹម (Autism) តាមរយៈដំណើរកម្សាន្តមួយ ដើម្បីជៀសវាងការបែកពីកូន។ សាច់រឿងបានឆ្លុះបញ្ចាំងពីចំណងគ្រួសារ សេចក្តីស្រឡាញ់ ការយោគយល់ ការទទួលយកភាពខុសគ្នា និងតម្លៃមនុស្សជាសកល។
លើសពីនេះទៀត កម្មវិធីនេះបានរួមចំណែកបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងបើកច្រកសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល លើវិស័យភាពយន្ត សិល្បៈ និងវប្បធម៌ ឱ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព៕ ដោយ៖ ស្រីពី







