តបតាមការយាងអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលនេះជាវេទិកាអន្តរជាតិសម្រាប់ថ្នាក់ដឹកនាំ និងតំណាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ជួបពិភាក្សាអំពីបញ្ហាប្រឈមរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងការប្រើប្រាស់ភាសាបារាំង។

ក្នុងឱកាសនេះ ឯកឧត្តមប្រធានាធិបតីនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ព្រមទាំងជួបប្រជុំជាមួយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីកិច្ចប្រជុំ និងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីជាមួយព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ និងលោកប្រធានាធិបតី ហ្រ្វង់ស្វ័រ ម៊ីតេរ៉ង់ ក្នុងឆ្នាំ១៩៩៣។ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញពីតួនាទីរបស់ខ្លួនក្នុងសហគមន៍ប្រទេសប្រើប្រាស់ភាសាបារាំង និងពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិផងដែរ។
ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួន លើវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ។ កិច្ចសហប្រតិបត្តិការទាំងនេះនឹងចូលរួមបង្កើតឱកាសថ្មីៗសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញការផ្លាស់ប្តូរ និងការអភិវឌ្ឍលើវិស័យដែលមានសក្តានុពល ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងបារាំង។ ជារួម ទស្សនកិច្ចផ្លូវរដ្ឋនេះ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងក្លាយជាឱកាសសំខាន់ក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទដោយ៖ សុភ័ក្រ្ត










