រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ល្បែងយុទ្ធសាស្រ្តរបស់ក្រុមហ៊ូទី ទារសំណង ៥១ ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចប់សង្រ្គាម!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែកនោះ បានប្រកាសដាក់លក្ខខណ្ឌយ៉ាងក្តៅគគុកដោយទាមទារប្រាក់ចំនួន ៥១ ពាន់លានដុល្លារអាមេរិក ព្រមទាំងការទទួលស្គាល់ផ្លូវការ លើកងកម្លាំងរបស់ខ្លួនជាអ្នកគ្រប់គ្រងស្របច្បាប់នៃប្រទេសយេម៉ែន ជាថ្នូរនឹងការយល់ព្រមបញ្ចប់ការវាយប្រហារ និងបិទបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ការទាមទារប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រទេសអារ៉ាប៊ីសាអូឌីត បានព្យាយាមបើកកិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមហ៊ូទី ក្រោយពេលមានការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម និងការវាយដណ្តើមបានទឹកដីយុទ្ធសាស្ត្រសំខាន់ៗដែលគ្រប់គ្រងលើច្រកសមុទ្រ Bab Al Mandab ដែលជាច្រកសមុទ្រដឹកប្រេង និងទំនិញដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូស និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត។

ក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលមានប្រទេសអ៊ីរ៉ង់ជាខ្នងបង្អែកនោះ បានប្រកាសដាក់លក្ខខណ្ឌយ៉ាងក្តៅគគុកដោយទាមទារប្រាក់ចំនួន ៥១ ពាន់លានដុល្លារអាមេរិក ព្រមទាំងការទទួលស្គាល់ផ្លូវការ លើកងកម្លាំងរបស់ខ្លួនជាអ្នកគ្រប់គ្រងស្របច្បាប់នៃប្រទេសយេម៉ែន ជាថ្នូរនឹងការយល់ព្រមបញ្ចប់ការវាយប្រហារ និងបិទបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ការទាមទារប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រទេសអារ៉ាប៊ីសាអូឌីត បានព្យាយាមបើកកិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមហ៊ូទី ក្រោយពេលមានការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម និងការវាយដណ្តើមបានទឹកដីយុទ្ធសាស្ត្រសំខាន់ៗដែលគ្រប់គ្រងលើច្រកសមុទ្រ Bab Al Mandab ដែលជាច្រកសមុទ្រដឹកប្រេង និងទំនិញដ៏សំខាន់មួយ បន្ទាប់ពីច្រកសមុទ្រហ័រមូស និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត។

ស្ថានការណ៍នេះ បានដាក់សម្ពាធយ៉ាងខ្លាំង និងបង្ខំឱ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ធ្លាក់ចូលទៅក្នុងជម្រើសនយោបាយដ៏លំបាកបំផុត ខណៈដែលការគំរាមកំហែងវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូនពិឃាតរបស់ក្រុមហ៊ូទី កំពុងបន្តបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធប្រេង អាកាសយានដ្ឋាន និងទីក្រុងសំខាន់ៗរបស់ប្រទេសនេះ។
ការទាមទារប្រាក់សំណងចំនួន ៥១ ពាន់លានដុល្លារ និងការទទូចឱ្យទទួលស្គាល់ខ្លួនថាជា «អ្នកគ្រប់គ្រងស្របច្បាប់» នៃប្រទេសយេម៉ែន ពីសំណាក់ក្រុមហ៊ូទី មិនមែនជាសំណើចរចាសន្តិភាពធម្មតានោះទេ ប៉ុន្តែជា «ល្បែងគាបសង្កត់យុទ្ធសាស្ត្រ» ដ៏ស្រួចស្រាវមួយ ដែលកំពុងជម្រុញឱ្យអារ៉ាប៊ីសាអូឌីត ធ្លាក់ចូលទៅក្នុងវិបត្តិសម្រេចចិត្តដ៏ស្មុគស្មាញបំផុត។
យោងតាមរបាយការណ៍របស់សារព័ត៌មាន The Wall Street Journal បានទម្លាយថា លក្ខខណ្ឌធំៗទាំងពីររបស់ក្រុមហ៊ូទី បានដាក់អន្ទាក់យុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរសម្រាប់ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយទោះបីជាក្រុមហ៊ូទីអះអាងថា ប្រាក់សំណង ៥១ ពាន់លានដុល្លារនេះជាការសងជំងឺចិត្តចំពោះការវាយប្រហារទម្លាក់គ្រាប់បែក និងការបិទខ្ទប់ផ្លូវអាកាស និងផ្លូវទឹកជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែអ្នកវិភាគយុទ្ធសាស្ត្រមួយចំនួនមើលឃើញថា ប្រសិនបើអារ៉ាប៊ីសាអូឌីត យល់ព្រមបង់ប្រាក់ វានឹងបង្កើតឱ្យមាន «ក្បួនច្បាប់ដ៏គ្រោះថ្នាក់» មួយ ដោយក្រុមហ៊ូទី អាចនឹងបន្តប្រើប្រាស់ការគំរាមកំហែងយោធា ដើម្បីជំរិតទារប្រាក់ និងការដាក់លក្ខខណ្ឌបន្ថែមទៀតនៅថ្ងៃអនាគត។
ម្យ៉ាងវិញទៀត លក្ខខណ្ឌនៃការទទួលស្គាល់ភាពជាអ្នកគ្រប់គ្រងត្រឹមត្រូវនៅក្នុងប្រទេសយេម៉ែន គឺប្រៀបដូចជាការសម្លាប់ដៃគូសម្ព័ន្ធមិត្ត ពោល ប្រសិនបើអារ៉ាប៊ីសាអូឌីតយល់ព្រម វាមិនត្រឹមតែធ្វើឱ្យរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ រលាយបាត់បង់ឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យមានការបង្កើត «រដ្ឋរណបរបស់អ៊ីរ៉ង់» នៅជាប់ព្រំដែនខាងត្បូងរបស់ខ្លួន ជាអចិន្ត្រៃយ៍។ 
 
ចុះថាតើ អារ៉ាប៊ីសាអូឌីត ត្រូវជ្រើសដើរផ្លូវមួយណា?
ចម្លើយនោះ គឺថាបច្ចុប្បន្ន អារ៉ាប៊ីសាអូឌីត កំពុងស្ថិតក្នុងភាពទ័លច្រក ពោល គឺការចុះខ្សោយនៃកម្លាំងគាំទ្រពីអន្តរជាតិ និងតំបន់។ តួយ៉ាង បើទោះបីជាប្រទេសអេស៊ីប បានអនុម័តកាតព្វកិច្ចយោធាក៏ដោយ ប៉ុន្តែត្រូវបានកម្រិតត្រឹមតែ «ការការពារ» ប៉ុណ្ណោះ ចំណែកប្រទេសប៉ាគីស្ថាន បានបដិសេធមិនចូលរួមប្រតិបត្តិការវាយប្រហារដោយផ្ទាល់ ក្នុងទឹកដីប្រទេសយេម៉ែននោះឡើយ។ រីឯសហរដ្ឋអាមេរិក បានដកឃ្លា បដិសេធមិនចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការយោធាសារជាថ្មីរបស់ប្ររទេសអារ៉ាប៊ីសាអូឌីត ខណៈដែលការដកខ្លួនចេញពីយុទ្ធនាការយោធារបស់ប្រទេសអារ៉ាប់រួមកាលពីពេលកន្លងមក បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត ខ្វះខាត «កម្លាំងជើងគោក» យ៉ាងខ្លាំង។
សរុបមក ការដែលកងកម្លាំងហ៊ូទី បានវាយលុកចូលជិត ៨០ គីឡូម៉ែត្រពីទីក្រុង Aden ដែលជាទីក្រុងបណ្តោះអាសន្នរបស់រដ្ឋាភិបាលយេម៉ែន បានបង្ហាញថា ជញ្ជីងអំណាចយោធានៅលើដី បានផ្អៀងទៅខាងក្រុមហ៊ូទី ស្ទើរតែទាំងស្រុងទៅហើយ។
សម្រាប់អារ៉ាប៊ីសាអូឌីត ជម្រើសនៅពេលនេះ គឺមិនមែនជាការជ្រើសរើស រវាង "ជ័យជម្នះ ឬបរាជ័យ" នោះទេ ប៉ុន្តែជាការជ្រើសរើស រវាង «ការខាតបង់ថវិកា និងកេរ្តិ៍ឈ្មោះនយោបាយ» ឬ «ការប្រឈមនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច» របស់ខ្លួន ដោយសារការវាយប្រហារឥតឈប់ឈរពីសំណាក់ក្រុមហ៊ូទី។
យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍បដិសេធជាផ្លូវការ និងយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដោយបានច្រានចោលការអះអាងទាំងស្រុង និងបានហៅព័ត៌មាននោះថាជា "រឿងប្រឌិតគ្មានមូលដ្ឋានពិតប្រាកដ"។

លោក Rayed Krimly អនុរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ទទួលបន្ទុកការទូតសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចរចា ឬការដាក់លក្ខខណ្ឌទាមទារប្រាក់ ៥១ ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ូទីនោះឡើយ។ លោកបានរំលឹកផងដែរថា ប្រទេសយេម៉ែនមានរដ្ឋាភិបាលស្របច្បាប់ដែលត្រូវទទួលស្គាល់ដោយសហគមន៍អន្តរជាតិរួចស្រេចទៅហើយ ហើយក្រុមប្រដាប់អាវុធហ៊ូទីនៅតែជាក្រុមបះបោរដែលបានបង្កវិនាសកម្ម និងបដិសេធដំណោះស្រាយសន្តិភាពកាលពីពេលកន្លងមក។
ទន្ទឹមនឹងនេះ ប្រភពព័ត៌មានក៏បានបញ្ជាក់ថា ក្រុមហ៊ូទី ក៏បានចេញមុខច្រានចោលការចុះផ្សាយនេះ ដោយអះអាងថា ក្រុមរបស់ខ្លួន មិនបានស្វែងរកការទទួលស្គាល់ផ្នែកនយោបាយពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដូចការចុះផ្សាយនោះទេ ហើយទំហំខាតបង់ពិតប្រាកដដែលកើតចេញពីសង្គ្រាមនៅយេម៉ែន គឺមានទំហំធំធេងជាងតួលេខ ដែលបានលើកឡើងនោះឆ្ងាយណាស់៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…