ក្នុងកិច្ចប្រជុំពេញអង្គលើកទី២០ របស់គណៈកម្មាធិការទី៤ (គណៈកម្មាធិការនយោបាយពិសេស និងការលុបបំបាត់អាណានិគម) នៅទីក្រុងញូវយ៉កថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប បានបង្ហាញពីការវិវត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែករក្សាសន្តិភាពអន្តរជាតិ ដោយបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប មកជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក។

ក្នុងកិច្ចប្រជុំនោះ អគ្គរាជទូត យោង ចាន់សុភារ ក៏បានលើកឡើងពីអាទិភាពរបស់កម្ពុជាក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការបន្តគាំទ្រ និងចូលរួមក្នុងបេសកកម្មដ៏សំខាន់នេះ។ ការចូលរួមរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។

ជំហររបស់កម្ពុជានេះបង្ហាញពីការបន្តគាំទ្រពហុភាគីនិយម និងការចូលរួមទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ ដែលបន្តរួមចំណែកដល់បុព្វហេតុសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕ ដោយ៖ សុភ័ក្រ្ត








