នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះនៅស្រុកអូរជ្រៅ ចំនួន១៣៩៨គ្រួសារ និងនៅក្រុងប៉ោយប៉ែតចំនួន ១៥៧៥គ្រួសារ។


ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ ចែកស្រូវពូជដល់កសិករដែលលិចទឹក និងចែកស្បៀងដល់អ្នកខ្វះខាត ដោយរាជរដ្ឋាភិបាលនឹងជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអរគុណដល់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលបានខិតខំដាក់ឱ្យដំណើរការ និងអនុវត្តយន្តការស្បៀងបម្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នផងដែរ៕ ដោយ៖ ស្រីពី











