រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-អាល្លឺម៉ង់ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើនជាលំដាប់ ក្នុងវិស័យកសិកម្ម!

សេចក្តីសង្ខេប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ សៀលខឺ រ៊ើហ្វើ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ សៀលខឺ រ៊ើហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នៅទីស្ដីការក្រសួង។

 
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្ម-ឃុំ និងគូសបញ្ជាក់ពីការកាត់បន្ថយថ្លៃដើមផលិតកម្ម ថាមពលក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដែលភាគីអាល្លឺម៉ង់ អាចពិនិត្យលទ្ធភាពចូលរួមគាំទ្រ សំដៅលើកកម្ពស់ជីវភាព បង្កើនប្រាក់ចំណូលប្រជាកសិករ ធានាបានសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ជាមួយគ្នានោះ ភាគីទាំងពីរ បានបង្ហាញគោលជំហរពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យមានការរីកចម្រើនជាលំដាប់ក្នុងវិស័យកសិកម្ម ស្របពេលដែលប្រទេសទាំងពីរ នឹងឈានទៅប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ នាពេលខាងមុខ៕ ដោយ៖ ស្រីពី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…