រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មនុស្សជាង ២០០,០០០ នាក់ប្រមូលផ្តុំគ្នាក្នុងទីក្រុង Amsterdam ទាមទារឱ្យមានវិធានការតឹងរ៉ឹងប្រឆាំងនឹងអ៊ីស្រាអែល

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

បាតុករជាង២០០,០០០នាក់បានប្រមូលផ្តុំក្នុងទីក្រុង Amsterdam កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្នុងបាតុកម្ម «បន្ទាត់ក្រហម» ដើម្បីទាមទារឱ្យរដ្ឋាភិបាលហូឡង់ដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអ៊ីស្រាអែល និងបញ្ឈប់ការលក់អាវុធ។

ក្រុមបាតុករជាង ២០០,០០០ នាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានាក្នុងទីក្រុង Amsterdam របស់ប្រទេសហូឡង់ កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាក់ស្តែង និងម៉ឺងម៉ាត់ប្រឆាំងនឹងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា។ អ្នកចូលរួមក្នុងបាតុកម្មដែលមានឈ្មោះ «បន្ទាត់ក្រហម» ឬ Red Line នេះ បានទាមទារឱ្យមានការដាក់ទណ្ឌកម្មលើវិស័យពាណិជ្ជកម្មយ៉ាងតឹងរ៉ឹងបំផុតលើអ៊ីស្រាអែល និងបញ្ឈប់រាល់ការលក់អាវុធគ្រប់ប្រភេទ។

គិតរហូតមកទល់ពេលនេះ ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ ៧៤,០០០ នាក់ហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះប្រមាណ ២១,០០០ នាក់ជាកុមារ។

ទោះបីជាបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាត្រូវបានប្រកាសជាផ្លូវការតាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំមុនក៏ដោយ ប៉ុន្តែការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់កងទ័ពអ៊ីស្រាអែល នៅតែបន្តផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីន ស្ទើរតែរាល់ថ្ងៃរហូតមកដល់ពេលបច្ចុប្បន្ន។ វិបត្តិដ៏ក្តៅគគុកនេះ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសហូឡង់ និងអ៊ីស្រាអែល ដោយរដ្ឋមន្ត្រីការបរទេសហូឡង់ បានបង្ខំចិត្តលាលែងពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីរូបលោកមិនអាចជំរុញឱ្យមានការអនុម័តទណ្ឌកម្មថ្មីៗប្រឆាំងនឹងអ៊ីស្រាអែល៕ អត្ថបទ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…