គ្រោះមហន្តរាយដ៏រន្ធត់ បានកើតឡើងសារជាថ្មីម្តងទៀត ដោយទូកដឹកជនអន្តោប្រវេសន៍ខុសច្បាប់មួយគ្រឿងបានលិចនៅសមុទ្រភាគពាយព្យប្រទេសសេនេហ្គាល់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់បាត់បង់ជីវិត។ ក្រសួងមហាផ្ទៃសេនេហ្គាល់បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា តួលេខអ្នកស្លាប់នេះ គ្រាន់តែជា «តួលេខបណ្តោះអាសន្ន» ប៉ុណ្ណោះ ខណៈដែលកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់បង់ជីវិត ឬបាត់ខ្លួននៅក្នុងសមុទ្រនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ។
ទន្ទឹមនឹងនេះ អាជ្ញាធរប្រទេសសេនេហ្គាល់ក៏បានបញ្ជាក់ថា ពួកគេក៏បានស្ទាក់ចាប់ និងឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន ១៤២ នាក់បន្ថែមទៀត ដែលក្នុងនោះមានទាំងស្ត្រី និងកុមារតូចៗ ដែលកំពុងស្ថិតនៅលើទូកតូចមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រដ៏ធំល្វឹងល្វើយទៅកាន់ប្រទេសអេស្ប៉ាញ។
គួររំលឹកផងដែរថា មនុស្សរាប់ពាន់នាក់មកពីតំបន់អាហ្វ្រិកខាងលិច បានបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្យាយាមប្រថុយប្រថានជីវិតធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប តាមរយៈផ្លូវទឹកសមុទ្រអាត្លង់ទិកដ៏គ្រោះថ្នាក់បំផុតមួយនេះ៕ អត្ថបទ៖ រិទ្ធី







