ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានលើកឡើងថាការប្រារព្ធព្រឹត្តិការណ៍កីឡាប្រណាំងទូក ប្រពៃណីដ៏មានអត្ថន័យ បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅសួនមាត់ស្ទឹងសែន នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ការប្រារព្ធព្រឹត្តិការណ៍កីឡាប្រពៃណីដ៏មានអត្ថន័យ និងការរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់ ពិធីនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការជួបជុំ និងពង្រឹងចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំផងដែរ»។


ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តកំពង់ធំ ដែលបាននិងកំពុងសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍ប្រពៃណី និងទេសចរណ៍បែបនេះឱ្យបានកាន់តែផុលផុសបន្ថែមទៀត ដើម្បីនាំមកការជួបជុំ ផ្តល់ភាពរីករាយដល់គ្រួសារអ្នកកំពង់ធំផង និងបង្ហាញពីសក្តានុពលដ៏ទាក់ទាញរបស់ខេត្ត ជាគោលដៅទេសចរណ៍ពីគ្រប់ទិសទី៕ ដោយ៖ ស្រីពី











