ប្រទេសអ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីរកឃើញថាបុរសទាំង ៣ បានធ្វើសកម្មភាពចារកម្ម និងបម្រើផលប្រយោជន៍ឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អំឡុងពេលនៃការផ្ទុះបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមករាកន្លងទៅ។ របាយការណ៍ចេញពីគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា បុរសទាំង ៣ បានញុះញ៉ង នឹងចូលរួមក្នុងអំពើហិង្សា អំឡុងពេលធ្វើបាតុកម្ម ដោយប្រើប្រាស់គ្រាប់បែកដប គ្រាប់បែកដៃ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈដែលជនជាប់ចោទផ្សេងទៀតនៅក្នុងសំណុំរឿងតែមួយនេះ ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ។
ការប្រកាសកាត់ទោសប្រហារជីវិតនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាពាសពេញប្រទេសអ៊ីរ៉ង់ ដោយសារការឡើងថ្លៃទំនិញ នឹងចុងក្រោយវិវឌ្ឈន៍ទៅជាការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលជំរុញឱ្យមានការបង្រ្កាបយ៉ាងព្រៃផ្សៃលើហ្វូងបាតុករ នោះ។
មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា មានមនុស្សជាង ៣០០០ នាក់បានបាត់បង់ជីវិត អំឡុងពេលនៃការធ្វើបាតុកម្មនេះ នឹងបានទម្លាក់កំហុសទាំងនេះ ទៅលើ «អំពើភេរវកម្ម» ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
អត្ថបទ៖ រិទ្ធី







