គ្រោះរញ្ជួយដីកម្រិត ៥.៧ រិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ ដោយបានបំផ្លាញកញ្ចក់បង្អួចហាងទំនិញឱ្យបែកខ្ទេចខ្ទី នឹងបង្កជាការភ័យស្លន់ស្លោរត់ភៀសខ្លួនចេញពីអគារ ព្រមទាំងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់រងរបួស។
គ្រោះរញ្ជួយដីនេះ កើតឡើងនៅម៉ោង ១ រំលងអធ្រាត្រ នៅក្នុងខេត្តស៊ីហ្សូអូកា របស់ប្រទេសជប៉ុន ខណៈដែលការរញ្ជួយ ក៏ធ្វើឱ្យរំញ័រដល់តំបន់ជិតខាងផងដែរ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីប្រកាសអាសន្នព្រមានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ជាពិសេសក្នុងរយៈពេលពីរទៅបីថ្ងៃបន្ទាប់។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រដែលងាយនឹងកើតមានគ្រោះរញ្ជួយដីញឹកញាប់បំផុត ដោយអាជ្ញាធរតែងតែធ្វើការណែនាំជាប្រចាំដល់ប្រជាពលរដ្ឋឱ្យរៀបចំស្តុកស្បៀងអាហារ និងថ្មពិល រួមទាំងវិធានការថែរក្សាជីវិត ក្នុងករណីមានគ្រោះរញ្ជួយដីកើតឡើង៕ អត្ថបទ៖ រិទ្ធី







