រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុបា្ររព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត។

នាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នា២០២៦ខេត្តព្រះសីហនុ បានប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ តំណាងកុងស៊ុលវៀតណាម និងចិនប្រចាំខេត្ត ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវេទិកា ៧ មករា ក្រុងព្រះសីហនុ។

ក្នុងអង្គមីទ្ទិញដ៏អធិកអធមនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ពីមហាសមិទ្ធផលនៃព្រះរាជបូជនីយកិច្ចដណ្តើមឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ក្រោមព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងគុណបំណាច់ដ៏ធំធេងរបស់វីរជនយុទ្ធជនគ្រប់ជំនាន់។ ឯកឧត្តម ក៏បានរំលឹកពីដំណើរប្រវត្តិសាស្ត្រឆ្លងកាត់ភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ រហូតដល់ការទទួលបានសន្តិភាពពេញលេញតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ និងការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីប្រែក្លាយខេត្តឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គោលដៅទេសចរណ៍ឆ្នេរបៃតង និងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួបរួមសាមគ្គីគ្នាថែរក្សាសន្តិភាព និងចូលរួមកសាងអភិវឌ្ឍន៍មាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿង។ ពិធីនេះក៏មានការអានសារលិខិតស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមានកិច្ចពិធីគោរពវិញ្ញាណក្ខន្ធ របាំជូនពរ និងការបង្ហោះប៉េងប៉ោងអបអរសាទរយ៉ាងសប្បាយរីករាយផងដែរ៕ អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…