ក្បួនរថយន្តបាតុកម្មស្រែកទាមទារយុត្តិធម៌ដឹកនាំដោយ លោក ម៉ាណូ គ្រឿកែវ (Mano Khrueakaew) វ័យ ៥២ ឆ្នាំ មកពីខេត្តក្រាប៊ី បានសម្រុកមកដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោមបដា «សម្ព័ន្ធបដិវត្តន៍ប្រជាជនការពារទឹកដី» ដើម្បីទម្លាក់កំហុស និងទាមទារឱ្យក្បាលម៉ាស៊ីនរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ លោក អានុទីន ឆានវីរៈកុល ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមបាតុករបានដាក់សំណើក្ដៅៗ និងមុខព្រួញចំៗទៅកាន់រដ្ឋាភិបាលរបស់លោកអានុទីន ដោយស្រែកចំៗ និងចោទសួរថា ហេតុអ្វីបានជាប្រទេសថៃមានរោងចក្រចម្រាញ់ប្រេង និងធនធានប្រេងឆៅផ្ទាល់ខ្លួន ប៉ុន្តែតម្លៃប្រេងក្នុងស្រុកបែរជាត្រូវចងភ្ជាប់ទៅនឹងទីផ្សារប្រទេសសិង្ហបុរី ដែលជាល្បិចបំប៉ោងតម្លៃបម្រើផលប្រយោជន៍ក្រុមឈ្មួញធំៗ និងបក្ខពួកនិយមទៅវិញ? រដ្ឋាភិបាលរបស់លោកអានុទីន ក៏ត្រូវបានចោទប្រកាន់ថាគ្មានឆន្ទៈក្នុងការបង្ក្រាបអំពើពុករលួយ ខណៈដែលតម្លៃផលិតផលកសិកម្មធ្លាក់ចុះដាំក្បាលចុះ ប៉ុន្តែថ្លៃជីវភាពហក់ឡើងខ្ពស់ហួសហេតុ។
ឆ្លើយតបទៅនឹងការផ្ទុះឡើងនៃបាតុកម្មនេះ លោកនាយករដ្ឋមន្ត្រី អានុទីន ចានវីរៈកុល បានត្រឹមចេញមុខនិយាយបែបយកល្អមើលថា រដ្ឋាភិបាលត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាប់កង្វល់របស់ប្រជាពលរដ្ឋ តែប៉ុណ្ណោះ។ ហើយជំនួសឱ្យការដោះស្រាយបញ្ហាសេដ្ឋកិច្ចឫសគល់ រដ្ឋអំណាចបែរជាប្រើប្រាស់កម្លាំងប៉ូលិសមកគំរាមកំហែងទៅវិញ ដោយប្រកាសហាមឃាត់ការជួបជុំគ្នាក្នុងរង្វង់ប្រមាណ ៥០ ម៉ែត្រជុំវិញទីស្តីការរដ្ឋាភិបាល ព្រមទាំងដាក់បទបញ្ជាហាមមិនឱ្យយកអាវុធ ប្រើប្រាស់ហិង្សា ឬរារាំងមន្ត្រីបំពេញភារកិច្ច ខណៈដែលទង្វើនេះធ្វើឱ្យក្រុមបាតុករកាន់តែក្តៅក្រហាយ និងចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រជាពលរដ្ឋ ក្នុងការតវ៉ាដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថា ប្រវត្តិសាស្ត្រនៃវិបត្តិប្រេងនៅប្រទេសថៃ ធ្លាប់បានអង្រួនអំណាចអ្នកដឹកនាំម្តងរួចមកហើយ ជាក់ស្តែង គឺករណីក្រុមអ្នកបើកបររថយន្តដឹកទំនិញទាមទារកំណត់តម្លៃប្រេងម៉ាស៊ូត ៣០ បាតកាលពីឆ្នាំ ២០២៤ និងការដំឡើងពន្ធអាករលើប្រេងសាំង និងម៉ាស៊ូត ក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ រិទ្ធី






