រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ត្រៀមទទួលគណៈប្រតិភូហ្វ្រង់កូហ្វូនី! រដ្ឋបាលរាជធានីភ្នំពេញ កំណត់ផ្លូវបិទ និងផ្អាកចរាចរណ៍តាមទីតាំងមួយចំនួនក្នុងខែវិច្ឆិកា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការរៀបចំចរាចរណ៍ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ។ ការបិទផ្លូវ កំពង់ចម្លង និងស្ពាន មានកាលបរិច្ឆេទនិងពេលវេលាផ្សេងៗគ្នា។

ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជនអំពីការរៀបចំចរាចរណ៍ និងការផ្អាកធ្វើដំណើរនៅតាមទីតាំងមួយចំនួន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (CCIC) សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងសួនច្បារមុខវត្តបទុមវតី ដោយមានការចូលរួមពីគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើន។

តាមសេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា រថយន្តធុនធ្ងន់គ្រប់ប្រភេទមិនអនុញ្ញាតឱ្យធ្វើចរាចរលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែតឡើយ។ ជាមួយនេះ សាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ត្រូវផ្អាកចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ កំពង់ចម្លងសុខាផ្អាកដំណើរការទាំងស្រុង ហើយកំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី១៥ ខែវិច្ឆិកា។

ដោយឡែក នៅថ្ងៃទី១៣ ខែវិច្ឆិកា ចាប់ពីម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី នឹងមានការហាមឃាត់ចរាចរលើកំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីរង្វង់មូលវិមានឯករាជ្យដល់ស្តុបនាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹកដល់វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងវិថីឧកញ៉ា ឈុន ចាប់ពីស្តុបសាលសន្និសីទចតុមុខដល់ស្តុបរោងដំរី។ ចំណែកនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ការធ្វើចរាចរនឹងត្រូវហាមឃាត់លើកំណាត់មហាវិថីអូស៊ីអាយស៊ី ចាប់ពីរង្វង់មូលអប្សរាដល់រង្វង់មូលនាងទេពមច្ឆា ហើយស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប នឹងត្រូវបិទចរាចរទាំងស្រុងក្នុងអំឡុងពេលកិច្ចប្រជុំ។ វិធានការទាំងនេះត្រូវបានដាក់ចេញដើម្បីសម្រួលដល់ការធ្វើដំណើររបស់គណៈប្រតិភូ និងធានាឱ្យកម្មវិធីអន្តរជាតិដ៏សំខាន់នេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងសុវត្ថិភាព។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គោរពតាមការណែនាំ និងរៀបចំផែនការធ្វើដំណើរជាមុន ដោយជ្រើសរើសផ្លូវវាងសមស្រប ដើម្បីបញ្ចៀសការកកស្ទះ និងការរំខានក្នុងការធ្វើដំណើរ។ ការចូលរួមសហការរបស់សាធារណជនមិនត្រឹមតែជួយរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យទទួលបានជោគជ័យផងដែរ៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…