រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ប្រចាំការការពារ និងរៀបចំរបៀបរៀបរយជូនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឯករាជ្យជាតិ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុបានចុះប្រចាំការ និងល្បាតតាមផ្សារ វេទិកា បេនរថយន្ត ឆ្នេរ និងផ្លូវសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងពិធីបុណ្យឯករាជ្យជាតិ។

ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជាផ្ទាល់ និងការចង្អុលបង្ហាញយ៉ាងម៉ត់ចត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មតាមគោលដៅសំខាន់ៗ។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧៣។

ចំពោះគោលដៅសំខាន់ៗដែលកម្លាំងជំនាញចុះអន្តរាគមន៍ និងល្បាតចល័តរួមមាន៖ តំបន់ផ្សារលើក្រុងព្រះសីហនុ មុខវេទិកា ៧ មករា តំបន់បេនរថយន្តក្រុង តាមបណ្តោយឆ្នេរអូឈើទាល និង ការល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាបាននូវបរិយាកាសសង្គមដ៏ល្អប្រសើរ ផ្ដល់ភាពងាយស្រួល និងភាពកក់ក្តៅជូនដល់អ្នកទេសចរគ្រប់រូបដែលបានសម្រេចចិត្តមកទស្សនាកម្សាន្តនៅក្នុងខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយនេះ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…