រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ មានយុវជន ៥.០០០នាក់ចូលរួម

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ដែលមានយុវជនចំនួន ៥.០០០នាក់។ សម្រាប់ឆ្នាំ២០២៦ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើសរើសបុរសចំនួន ១០.០០០នាក់ ដោយបែងចែកជាពីរវគ្គ និងហ្វឹកហ្វឺននៅសាលាទាំង៨។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង ពលទាហាន និងយុវជនដែលត្រូវបានជ្រើសរើស។

ការចាប់ផ្តើមវគ្គហ្វឹកហ្វឺននេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការពង្រឹងសមត្ថភាពការពារជាតិ ដើម្បីថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ខណៈច្បាប់ស្តីពីកាតព្វកិច្ចយោធាមានតាំងពីឆ្នាំ២០០៦ ហើយត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ យកមករៀបចំអនុវត្តជាក់ស្តែង។

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាដំបូងរបស់ព្រះរាជណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ប៉ុន្តែច្បាប់នេះពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយ ក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្រសួងការពារជាតិបានបង្កើតក្រុមការងារចំពោះកិច្ចសិក្សាស្រាវជ្រាវរៀបចំ ច្បាប់ស្តីពីកាតព្វកិច្ចយោធាឡើងវិញ ដើម្បីជាមូលដ្ឋានគ្រឹះនៃប្រភព កសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់សង្គមជាតិ។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសបេក្ខជនសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូង ឆ្នាំ២០២៦ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានជាប់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធាមកប្រមូលផ្តុំនៅតាមទីតាំងដែលបានកំណត់។ គណៈកម្មាធិការជាតិ បានសហការជាមួយរដ្ឋបាលរាជធានី ខេត្ត រៀបចំការប្រមូលផ្តុំ ជួបជុំលើកទឹកចិត្ត និងជូនដំណើរយុវជនមក ពិនិត្យសុខភាព និងកាយសម្បទាដើម្បីចូលបំពេញកាតព្វកិច្ចយោធា នៅតាមសាលាហ្វឹកហ្វឺនទាំង៨ កាលពីថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ដែលបានផ្តល់គ្រូពេទ្យ សម្ភារៈ បរិក្ខារ វេជ្ជសាស្រ្ត សម្រាប់ការពិនិត្យសុខភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានឱកាសបប្រើជាតិមាតុភូមិ ឱកាសហ្វឹកហ្វឺនជំនាញ និងបច្ចេកទេសផ្សេងៗរបស់កងទ័ព, ឱកាសអភិវឌ្ឍន៍ខ្លួន មានដូចជាវិន័យ និងភាពជាអ្នកដឹកនាំ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា យោធិនកាតព្វកិច្ចយោធា នឹងទទួលបានអត្ថប្រយោជន៍ ទទួលបាននូវចំណេះដឹងថ្មី ប៉ុន្ដែយើងក៏នៅតែប្រឈម ក្នុងនោះទី១ គឺប្ដូររបៀបរបបរស់នៅ, ទី២ ត្រូវរស់នៅជាមួយការកំណត់ច្បាស់លាស់ គឺវិន័យ និងទី៣ ប្ដូររបៀបធ្វើការ។

សម្ដេចធិបតី បានបន្ថែមទៀតថាថ្ងៃបើកវគ្គនេះ ជាថ្ងៃពិសេស ថ្ងៃប្រវត្តិសាស្រ្ដ សង្ឃឹមថា ប្អូនៗទាំង ៥ពាន់នាក់ដែលចូលនៅឆ្នាំទី១នេះនឹងខិតខំតស៊ូរហូតបញ្ចប់កាតព្វកិច្ចរបស់ខ្លួនរយៈពេល ២៤ខែ ដើម្បីជាគំរូដល់យោធិនកាតព្វកិច្ចរបស់យើងនៅជំនាន់ក្រោយៗទៀត។

ដោយផ្អែកលើតម្រូវការជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសប្រជាពលរដ្ឋខ្មែរភេទប្រុសចំនួន ១០.០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកការហ្វឹកហ្វឺនជាពីរវគ្គ ក្នុងមួយវគ្គមានចំនួន ៥.០០០នាក់ និងបណ្តុះបណ្តាលតាមសាលាហ្វឹកហ្វឺនទាំង៨ ៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…