ក្រសួងបរិស្ថានបានប្រគល់ និងដាំកូនឈើចម្រុះចំនួន ៣ ០០០ដើម (អំពិលទឹកបារាំង ក្រញូង ក្ងោក និងអូញម៉ូញ) ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុង «ភូមិរង់ចាំ» ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជាតំបន់តាំងទីលំនៅថ្មីរបស់ជនភៀសសឹកនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។



ពិធីនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។



ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា យុទ្ធនាការនេះរៀបចំឡើងដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣៖ បង្កើនគម្របបៃតង ជួយស្រូបឧស្ម័នផ្ទះកញ្ចក់ បង្កើតខែលការពារធម្មជាតិ និងពង្រឹងភាពធន់របស់សហគមន៍ទៅនឹងបាតុភូតធម្មជាតិ គាំទ្រជីវភាព លើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយការចំណាយតាមរយៈការដាំដុះនៅតាមគេហដ្ឋាន និង លើកកម្ពស់សោភ័ណភាព និងលក្ខខណ្ឌរស់នៅ បង្កើតម្លប់ និងកែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកឱ្យកាន់តែល្អប្រសើរ និងមានចីរភាព។



គួរបញ្ជាក់ថា ក្រោមយុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបានចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនជាង ១,៣ លានដើម (ឆ្នាំ២០២៤) និងជាង ៣,៤ លានដើម (ឆ្នាំ២០២៥) ដោយបន្តបង្កើនគោលដៅឱ្យដល់ជាង ៥ លានដើម ក្នុងឆ្នាំ២០២៦ (រួមទាំងកូនត្នោត ១,៥ លានដើម)។ លើសពីនេះ ក្រសួងបានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំៗចំនួន៥ បង្កើនការល្បាតការពារព្រៃឈើដោយប្រើបច្ចេកវិទ្យាឌីជីថល និងជំរុញការបង្កើតមុខរបរថ្មីៗតាមសហគមន៍ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលជូនពលរដ្ឋមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម











