នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានចេញបណ្តាំឲ្យរក្សាទុកម៉ូដែលប្រាសាទបុរាណចំនួន៣ និងទ្វារផ្លូវចូលនៅ "ភូមិហ្វ្រង់កូហ្វូនី" ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបន្តមកទស្សនាក្នុងឱកាសវិស្សមកាលព្រះរាជពិធីបុណ្យអុំទូក។

យោងតាមប្រភពបានឲ្យដឹងថា ម៉ូដែលទាំង៣នេះ រៀងគ្នាគឺ ប្រាសាទព្រះវិហារ ប្រាសាទតាម៉ាន់ធំ និងប្រាសាទតាក្របី ដែលស្ថិតនៅសួនច្បារមុខវត្តបូទុំ រាជធានីភ្នំពេញ ជាបរិក្ខារតាំងពិព័រណ៍វប្បធម៌ដែលបានដាក់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងគោលបំណងបង្ហាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសនូវប្រវត្តិសាស្ត្រវប្បធម៌ និងសិល្បៈស្ថាបត្យកម្មបុរាណរបស់កម្ពុជា។


លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្នាំនេះ ទោះបីជារាជធានីភ្នំពេញបានលុបចោលការប្រណាំងទូកធំៗក៏ដោយ ក៏វិស្សមកាលសាធារណៈរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា នៅតែរក្សាដដែល ដែលប្រជាពលរដ្ឋអាចប្រើប្រាស់វិស្សមកាលទៅទស្សនាបាន។

កាលពីមុន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ដោយពិចារណាលើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ការរៀបចំកន្លែងស្នាក់នៅសម្រាប់ប្រជាពលរដ្ឋដែលបានភៀសខ្លួន និងកិច្ចការបន្ទាន់ផ្សេងៗទៀត ឆ្នាំនេះ បានផ្អាកការរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកធំៗនៅលើទន្លេសាបមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ រីឯតាមបណ្តាខេត្តនានាអាចរៀបចំពិធីអបអរសាទរតាមប្រពៃណីដោយខ្លួនឯង ស្របតាមស្ថានភាពជាក់ស្តែង។
ប្រាសាទបុរាណទាំង៣នេះ សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងវិវាទព្រំដែនកម្ពុជា-ថៃ។ ភាគីកម្ពុជាសង្ឃឹមថា តាមរយៈការតាំងពិព័រណ៍ម៉ូដែលទាំងនេះ ទាំងផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌ជាតិ ទាំងឲ្យសាធារណជនបានដឹងពីការខូចខាតរបស់វត្ថុបុរាណទាំងនេះក្នុងជម្លោះព្រំដែនឆ្នាំ២០២៥។






